ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានថ្លែងថា លោករំពឹងថា ខេត្តព្រះសីហនុនឹងជំនួសខេត្តសៀមរាបនៅក្នុងរយៈពេល5ឆ្នាំខាងមុខ ដោយសារតែសក្តានុពលជាច្រើនរបស់ខេត្តនេះកំពុងតែមានសកម្មភាពយ៉ាងរស់រវើក។
អភិបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី17 កញ្ញាថា ខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ចច្រើន ដោយខេត្តនេះនឹងមានកំពង់ផែទឹកជ្រៅតែមួយគត់ដែលជួយសម្រួលដល់ការដឹកជញ្ជូន មានឆ្នេរខ្សាច់ដ៏ទាក់ទាញបំផុត ព្រោះឆ្នេរខ្សាច់កម្ពុជាជាប់ជាសមាជិកក្លិបឆ្នេរស្អាតជាងគេនៅលើពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មានតំបន់ឧស្សាហកម្មដែលស្ថិតនៅជិតកំពង់ផែ មានអាកាសយានដ្ឋានអន្តរជាតិដែលកាន់តែសកម្ម មានការតភ្ជាប់ផ្លូវរថភ្លើងងាយស្រួលក្នុងការដឹកជញ្ជូន និងផលិតភាពកសិកម្មអាចចិញ្ចឹមខ្លួនឯងបាន។
លោកបន្តថា “ខ្ញុំជឿថា ខេត្តព្រះសីហនុនឹងជំនួសខេត្តសៀមរាបបាន ព្រោះខេត្តសៀមរាបពឹងផ្អែកសំខាន់តែលើភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្តែខេត្តព្រះសីហនុមានសក្តានុពលចម្រុះ។ លោកបានបន្តថា “បច្ចុប្បន្នតម្លៃដីធ្លី និងអចលនទ្រព្យក្នុងខេត្តនេះបានកើនលើសពីទ្វេដង ឬច្រើនជាងនេះ ប៉ុន្តែលោកគិតថា តម្លៃនេះនឹងឡើងកល់នៅពេលឆាប់ៗនេះ។
បច្ចុប្បន្នតំបន់ឧស្សាហកម្មក្នុងខេត្តព្រះសីហនុមានរោងចក្រសហគ្រាសចិនជាង110សហគ្រាសកំពុងវិនិយោគនៅតំបន់នេះ និងដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង16,000នាក់។ តំបន់សេដ្ឋកិច្ចពិសេសនេះជាផ្នែកមួយនៃជំនួយរបស់ចិនតាមរយៈគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ2015-2025។
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ខេត្តព្រះសីហនុពិតជានឹងជំនួសខេត្តសៀមរាបបានមែនក្នុងរយៈពេល5ឆ្នាំទៀតយ៉ាងយូរ ដោយសារតែខេត្តនេះមានសក្តានុពលច្រើន ពិសេសវិស័យឧស្សាហកម្មដែលមានការគាំទ្រពីកំពង់ផែ និងផ្លូវរថភ្លើង អាកាសយានដ្ឋានអន្តរជាតិ និងតំបន់ឆ្នេរដ៏ទាក់ទាញ។
លោកបន្តថា “ក្នុងផែនការ រដ្ឋាភិបាលមានបំណងប្រែក្លាយតំបន់ផ្លូវជាតិលេខ4 ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្ម”៕