បន្ទាប់ពីមានដំណឹងលេចឮថា តារាចម្រៀងស្រីវ័យក្មេងនៅទ្រនំរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា នឹងចាកចេញពីផលិតកម្មនេះ ដែលបានធ្វើឱ្យអ្នកគាំទ្រផ្អើលឈូឆរព្រោះតែព័ត៌មានមិនពិតនោះ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះ បានចេញមុខធ្វើការបកស្រាយបញ្ជាក់តាមរយៈ Facebook Page របស់នាងផ្ទាល់។
រ៉េត ស៊ូហ្សាណា បានសរសេរការបកស្រាយមួយចំនួន ដែលនៅលើបទចម្រៀងរបស់នាងដែលមានចំណងជើងថា “ឈប់” គឺជាការបញ្ជាក់អត្ថន័យដល់សារព័ត៌មានដែលបានចេញផ្សាយព័ត៌មានពីរូបនាង ដោយមិនបានធ្វើការសម្ភាសនាងជាមុន។ នាងតូចរូបនេះបានរៀបរាប់ថា “នាងខ្ញុំសូមជំរាបសួរពុកម៉ែ បងប្អូនទូទាំងប្រទេសទាំងអស់ ជាពិសេសបងៗអ្នកសារព័ត៌មានទាំងអស់ដែលបានចុះផ្សាយថា នាងខ្ញុំនឹងចាកចេញពីក្រុមហ៊ុនរស្មីហង្សមាស ដោយមិនបានសម្ភាសនាងខ្ញុំ និងក្រុមគ្រួសារនាងខ្ញុំនោះ នាងខ្ញុំចង់ជម្រាបបងប្អូនថា ព័ត៌មាននេៈគ្រាន់តែជាព័ត៌មានក្លែងក្លាយ និងមិនពិតទេ សង្ឃឹមថា បងប្អូនកុំយល់ច្រឡំ នាងខ្ញុំនៅមានបទចម្រៀងជាច្រើនទៀតដែលនឹងត្រូវចេញ”។
រ៉េត ស៊ូហ្សាណា ក៏បានបញ្ជាក់បន្ថែមទៀតដែរថា “ក្នុងពេលឆាប់ៗនេះ ហើយនាងខ្ញុំក៏នឹងបានសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសផងដែរ គឺចង់បញ្ជាក់ថា នាងខ្ញុំនៅតែបន្តលើវិថីសិល្បៈមួយនេះក្នុងក្រុមហ៊ុនរស្មីហង្សមាស។ អរគុណចំពោៈការស្រឡាញ់ និងគាំទ្ររូបនាងខ្ញុំ”៕