ក្រសួងពាណិជ្ជកម្ម អញ្ជើញ​ម្ចាស់​សហគ្រាសលក់​​គ្រឿង​អលង្ការ ​និង​​ត្បូង​ថ្ម​​មាន​តម្លៃ ​ចូល​រួម​​ពិព័រណ៍​​គ្រឿង​អលង្ការ​​អន្តរ​ជាតិ​ នៅ ​សិង្ហ​បុរី

នា​ល្ងាច​ថ្ងៃទី ២០ មេសា ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បាន​ជូនដំណឹង​ស្ដីពី ការរៀបចំ​ពិព័រណ៍​គ្រឿងអលង្ការ​អន្តរជាតិ​សិង្ហ​បុរី ២០២២ (Singapore International Jewelry Expo 2022) ដែល​នឹង​ធ្វើឡើង​នៅ មជ្ឈមណ្ឌល​តាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 នៃ ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៧ ខែកក្កដា ២០២២។

ពិព័រណ៍​គ្រឿងអលង្ការ​អន្តរជាតិ​សិង្ហ​បុរី ខាងលើនេះ គឺជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​លើ​វិស័យ​គ្រឿងអលង្ការ​ខ្នាត​អន្តរជាតិ​ដ៏​ធំ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល ១៦ ឆ្នាំ​ចុង​ក្រោយនេះ។ ពិព័រណ៍​គ្រឿងអលង្ការ​អន្តរជាតិ​សិង្ហ​បុរី មាន​ក្រុមហ៊ុន​ចូលរួម​ជាង ២២០ មកពី​ប្រទេស​ចំនួន ២២ ក្នុង​ពិភពលោក។

ក្នុងនាម​អ្នកសម្របសម្រួល​ការងា​រ​ពិព័រណ៍ ជូន​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​របស់ ប្រទេស​សិង្ហ​បុរី ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា សូម​អញ្ជើញ ម្ចាស់​សហគ្រាស​គ្រឿងអលង្ការ និង​ត្បូងថ្ម​មានតម្លៃ​នៅ កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ ដោយ​ទាក់ទង​ទៅ​លោកស្រី Judy Lee អគ្គនាយិកា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍ និង អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​អាសយដ្ឋាន​ខាងក្រោម។

Leave a Comment