តម្លៃប្រេងពិភពលោក បានធ្លាក់ចុះប្រហែល ៥% ក្នុងការជួញដូរកាលពីថ្ងៃទី ១៩ មេសា ដោយសារបារម្ភចំពោះតម្រូវការប្រើប្រាស់ ក្រោយពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់អត្រានៃការរំពឹងលើកំណើនសេដ្ឋកិច្ច និងព្រមានអំពីបញ្ហាអតិផរណាខ្ពស់។
បញ្ចប់ការជួញដូរកាលពីម្សិលមិញ ប្រេង Brent ផលិតពីរ៉ែប្រេងនៅ សមុទ្រខាងជើង (North Sea) ធ្លាក់ថ្លៃ ៥.៩១ ដុល្លារ (៥.២២%) មកនៅត្រឹម ១០៧.២៥ ដុល្លារ/ធុងបារ៉ែល ខណៈដែលតម្លៃប្រេង WTI របស់ អាម៉េរិក ថយចុះ ៥.៦៥ ដុល្លារ (៥.២២%) មកនៅត្រឹម ១០២.៥៦ ដុល្លារ/ធុង។
តម្លៃប្រេងដាំក្បាលចុះ បើទោះជាអង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) និងបណ្ដាប្រទេសសម្ព័ន្ធមិត្ត ឬហៅថា OPEC+ បានកាត់បន្ថយផលិតភាព នៅក្នុងស្ថានការណ៍ដែលបរិមាណប្រេងដែលផលិតនៅ រុស្ស៊ី ចាប់ផ្ដើមថយចុះ ដោយសារទណ្ឌកម្មពីលោកខាងលិច។ OPEC+ ផលិតប្រេងក្នុងបរិមាណក្រោមកម្រិតនៃគោលដៅ ១.៤៥ លានធុន/ថ្ងៃ នៅក្នុងខែមីនា ២០២២ ក្នុងពេលដែល រុស្ស៊ី ផលិតតិចជាង ៣០០,០០០ ធុង/ថ្ងៃ ធៀបនឹងគោលដៅ ១០,០១៦ លានធុង/ថ្ងៃ។
IMF បានទម្លាក់អត្រាកំណើនសេដ្ឋកិច្ចនៅទូទាំងពិភពលោក ប្រហែល ១% ដោយសារតែភាពតានតឹងរវាង រុស្ស៊ី និង អ៊ុយក្រែន នៅតែកើតមាន ហើយថា អតិផរណាគឺជា «ការគំរាមកំហែងដែលមានពិតប្រាកដ និងច្បាស់លាស់ ចំពោះប្រទេសជាច្រើនក្នុងសកលលោក៕