(ជប៉ុន)-ស្លឹកតែកែច្នៃដោយដៃ មកពីខេត្ត Shizuoka ក្នុង ១ គីឡូក្រាម ត្រូវបានលក់ក្នុងតម្លៃ ១.១៦ លានយេន នៅក្នុងព្រឹត្តិការណ៍លក់ដេញថ្លៃនាដើមរដូវតែឆ្នាំនេះ។
ពិធីពិព័រណ៍លក់ដេញថ្លៃខាងលើដែលត្រូវបានធ្វើឡើងនៅក្នុងផ្សារតែជប៉ុន ក្នុងខេត្ត Shizuoka កាលពីព្រឹកថ្ងៃទី ១៨ មេសា ២០២២ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍សម្រាប់រដូវកាលផលិតតែថ្មី។ គណៈកម្មការរៀបចំព្រឹត្តិការណ៍លក់ដេញថ្លៃបានឱ្យដឹងថា ដើមតែឆ្នាំនេះលូតលាស់យឺតជាងធម្មតា ប៉ុន្តែ នៅតែធានាបានគុណភាព។
ស្លឹកតែ Saemidori កែច្នៃដោយដៃ មានប្រភពពីទីក្រុង Fujinomiya ១ គីឡូក្រាមត្រូវបានលក់ក្នុងតម្លៃ ១.១៩ លានយេន ស្មើនឹង ១៥,៥០០ ដុល្លារអាម៉េរិក ថ្លៃជាងឆ្ងាយធៀបនឹង ១.០៨ លានយេន (៨,៥០០ ដុល្លារ) ដែលជាកំណត់ត្រាកាលពីឆ្នាំ ២០២១។
នៅ Shizuoka ស្លឹកតែនីមួយៗត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ និងបេះដោយដៃមនុស្ស។ ក្រោយជំហាននៃការចំហុយស្លឹកតែ ក្រុមអ្នកជំនាញនឹងអនុវត្ត ៣ ដំណាក់កាលទៀត ដែលទាក់ទងនឹងការញីដោយដៃដើម្បីស្រូបយកសំណើម និងបង្កើតជារូបរាងពិសេស។
ដំណាក់កាលមមាញឹកនៃការផលិតតែដែលកែច្នៃដោយដៃនៅ ប្រទេសជប៉ុន ឆ្នាំនេះត្រូវបានគេព្យាករថា នឹងធ្លាក់ទៅចុងខែមេសា។
ក្រោយការលក់ដេញថ្លៃជាង ១ ម៉ោង បរិមាណតែដែលត្រូវបានលក់ កើនឡើងដល់ ១,៧៣២ គីឡូក្រាម ក្នុងនោះតម្លៃមធ្យមគឺ ៥,០២៧ យេន (៤០ ដុល្លារអាម៉េរិក) ក្នុង ១ គីឡូក្រាម។
Yasuhide Uchino អ្នកគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍លក់ដេញថ្លៃ បាននិយាយថា ការចំណាយទៅលើវត្ថុធាតុដើម និងឥន្ធនៈ បានធ្វើឱ្យតម្លៃរបស់តែនេះថ្លៃជាងមុន ប៉ុន្តែ ពួកគេបានប្រឹងប្រែងដើម្បីធានាថា អាចផ្គត់ផ្គង់ «តែឈ្ងុយឆ្ងាញ់ ជាមួយនឹងតម្លៃសមស្រប»៕