បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃ ដែលរាប់ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៤,៥៩០,៣២៦ នាក់ ក្នុងនោះមានភ្ញៀវជាតិជាង ៤,៥៦១,០០០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួនជាង ២៨,៨០០ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានឱ្យដឹងដូចខាងលើ និងបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗក្នុងអំឡុង ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន ខេត្តបាត់ដំបង (ទទួលបានភ្ញៀវជាង ៥៦៥,០០០ នាក់) ,ខេត្តកំពង់ចាម (ជាង ៥១៤,០០០ នាក់), ខេត្តសៀមរាប (ជាង ៤០០,០០០ នាក់), ខេត្តបន្ទាយមានជ័យ (ជាង ៣៨៨,០០០ នាក់), ខេត្តព្រៃវែង (ជិត ៣៨៣,០០០ នាក់), ខេត្តកំពង់ស្ពឺ (ជាង ៣៣១,៨០០ នាក់), ខេត្តពោធិ៍សាត់ (ជាង ២៩៨,០០០ នាក់), ខេត្តកំពង់ឆ្នាំង (២៧៥,៤០០ នាក់), ខេត្តកំពត (ជាង ២៥៤,០០០ នាក់), ខេត្តព្រះសីហនុ (ជាង ២៣២,០០០ នាក់) និងរាជធានីភ្នំពេញ (ជាង ២២២,០០០ នាក់)។
ជាសរុប រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នេះ មានភ្ញៀវ ប្រហាក់ប្រហែលនឹងពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ ២០១៩ ដែលមានចំនួនជាង ៤,៧២៦,០០០ នាក់។
តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងទីតាំងដែលមានរៀបចំជាខ្យូស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកនោះទេ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។