ខ្សែប្រយុទ្ធ Romelu Lukaku បានរកគ្រាប់បាល់បញ្ចូលទីនៅពេលប្រកួតជាមួយនឹងអតីតក្រុមរបស់គេ ខណៈដែល Manchester United លត់ក្រុមទូកក្តោង Everton យ៉ាងចាស់ដៃក្នុងលទ្ធផល 4-0 ដើម្បីឡើងទៅឈរលេខ2នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
ការវិលត្រឡប់របស់ Wayne Rooney ទៅកាន់កីឡដ្ឋាន Old Trafford បានបញ្ចប់ដោយការរងបរាជ័យយ៉ាងខកចិត្ត ខណៈដែលការរបូតគ្រាប់បាល់ដល់ទៅ3គ្រាប់នៅជិតបញ្ចប់ការប្រកួត បានធ្វើឲ្យក្រុម Everton ធ្លាក់ទៅឈរក្នុងតំបន់កាត់ចោលទាំង3ក្រុមតែម្តង។ ក្រុមទូកក្តោងមួយនេះ បានចាប់ផ្តើមយ៉ាងយ៉ាងត្រដាបត្រដួសនៅរដូវកាលនេះ និងមិនបានរកគ្រាប់បាល់បញ្ចូលទីសោះក្នុងពេលពួកគេរងបរាជ័យ4លើកជាប់ៗគ្នាក្នុងរាល់យុទ្ធនាការទាំងអស់។ ខ្សែការពារស្លាបស្តាំ Antonio Valencia បានស៊ុតបាល់ផុតដៃរបស់អ្នកចាំទី Jordan Pickford ដើម្បីជួយឲ្យក្រុមរបស់លោក Jose Mourinho មានគ្រាប់បាល់នាំមុខមុន មុននឹងបន្តធ្វើការដាក់សម្ពាធលើក្រុមភ្ញៀវ។ Rooney ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ Man United បានទទួលឱកាសល្អៗចំនួន2លើក ប៉ុន្តែធ្វើមិនបានសម្រេច។ ក្រោយមក គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Henrikh Mkhitaryan, Lukaku និងគ្រាប់បាល់ប៉េណាល់ទីពី Anthony Martial បានបំពេញជ័យជម្នះដ៏កក់ក្តៅសម្រាប់ក្រុមម្ចាស់ផ្ទះតែម្តង។
លោក Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានឲ្យដឹងថា៖ «រយៈពេល30 និង35នាទីដំបូង គឺជាការបង្ហាញពីទម្រង់លេងដ៏ល្អឥតខ្ចោះរបស់យើងនៅរដូវកាលនេះ។ ក្រុម Everton ចង់ធ្វើការស្រោចស្រង់វិញ ប៉ុន្តែ ពួកគេកំពុងតែស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ»៕
ប្រភពពី៖ BBC