អ្នកការទូតជាន់ខ្ពស់របស់ ប្រទេសស្រីលង្កា នៅ ទីក្រុងប៉េកាំង ជឿថា ប្រទេសចិន នឹងអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុតម្លៃ ២.៥ ពាន់លានដុល្លារអាម៉េរិក ក្នុងស្ថានការណ៍ដែលប្រទេសកោះមួយនេះប្រកាសក្ស័យធននាថ្ងៃទី ១២ មេសា ២០២២។
ខាងលើគឺជាព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃទី ១២ មេសា ដោយ Bloomberg ដកស្រង់សម្ដីរបស់លោក Palitha Kohona ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំ ប្រទេសចិន។
យោងតាមលោក Kohona ប្រទេសចិន «បានសន្យាស្ដីពីហិរញ្ញវត្ថុចំពោះ ស្រីលង្កា កាលពីសប្ដាហ៍កន្លង» ទន្ទឹមនឹងការរៀបចំខ្ទង់ប្រាក់កម្ចីថ្មី។ ស្រីលង្កា កំពុងស្នើប្រាក់កម្ចីពី ចិន ចំនួន ១ ពាន់លានដុល្លារអាម៉េរិក ដើម្បីទូទាត់បំណុលដែលដល់កាលកំណត់ត្រូវសងនៅខែកក្កដា ឆ្នាំនេះ។
លោក Kohona គ្រាន់តែនិយាយថា ជំនួយផ្នែកហិរញ្ញវត្ថុរបស់ ទីក្រុងប៉េកាំង នឹងមកដល់នៅប៉ុន្មានសប្ដាហ៍ខាងមុខ ដោយមិនបានបង្ហើបឱ្យដឹងអំពីលក្ខខណ្ឌដែលប្រទេសនេះត្រូវបំពេញ។
ស្រីលង្កា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងអំឡុងច្រើនទសវត្សរ៍កន្លងមកនេះ នៅពេលទំនិញឡើងថ្លៃខ្ពស់ និងឆាប់រហ័សជាងគេនៅ អាស៊ី (ប្រហែល ១៩%) កាលពីខែកន្លង។ តម្លៃទំនិញកើនឡើងខ្ពស់ បញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំ និងស្ថានភាពខ្វះស្បៀងអាហារ រួមនឹងបញ្ហាក្នុងប្រព័ន្ធសុខាភិបាលជាដើម បាននាំឱ្យមានបាតុកម្មកើតឡើងពាសពេញប្រទេស។
ថ្មីៗនេះ លោក Kohona ឱ្យដឹងថា ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានស្នើឱ្យ ប្រធានាធិបតីចិន ផ្ដល់ប្រាក់កម្ចីដល់ប្រទេសនេះ។ ក្រុមមន្ត្រីនៅ កូឡុំបូ ក៏បានតឿនឱ្យ ទីក្រុងប៉េកាំង ជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុ «កាន់តែឆាប់ កាន់តែល្អ»។
កាលពីថ្ងៃទី ១២ មេសា ២០២២ ស្រីលង្កា បានប្រកាសថា ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលបរទេសដែលមានតម្លៃ ៥១ ពាន់លានដុល្លារអាម៉េរិក។ ក្រសួងហិរញ្ញវត្ថុស្រីលង្កា បានអំពាវនាវដល់ម្ចាស់បំណុល រួមទាំងបណ្ដារដ្ឋាភិបាលបរទេស ពន្យារពេលនៃការទូទាត់ការប្រាក់ ឬជ្រើសរើសវិធីទទួលយកខ្ទង់ប្រាក់កម្ចីដើម ដោយរូបិយវត្ថុក្នុងស្រុករបស់ប្រទេសនេះ។
ក្រសួងហិរញ្ញវត្ថុរបស់ ស្រីលង្កា ឱ្យដឹងថា «រដ្ឋាភិបាលកំពុងចាត់វិធានការបន្ទាន់…ដើម្បីទប់ស្កាត់ឱនភាពបន្ថែមទៀតនៃស្ថានការណ៍ហិរញ្ញវត្ថុរបស់ ស្រីលង្កា។ ការប្រកាសក្ស័យធន ក៏ដើម្បីធានាឱ្យមានការព្រឹត្តដោយយុត្តិធម៌ចំពោះម្ចាស់បំណុល រហូតដល់ ស្រីលង្កា ទទួលបានជំនួយពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)»៕