ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ច និងលំហូរចូលវិនិយោគកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំនោះប្រទេសកម្ពុជាត្រូវបានគណៈកម្មការរៀបចំពិព័រណ៍នៃសាធារណរដ្ឋប្រជាមានិតចិនប្រគល់ជូននូវពានរង្វាន់ចំនួនពីរ។
ការផ្តល់ពានរង្វាន់នេះធ្វើឡើងនៅក្នុងពិធីពិព័រណ៍ចិន-អាស៊ានលើកទី14 ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី12 ដល់ទី15 ខែកញ្ញា នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ដោយពានរង្វាន់ទាំងពីរនោះរួមមាន ៖
1.ពានរង្វាន់ស្តីពីការរៀបចំវេទិកានៃសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការល្អបានបំផុត “Best Promotion on Investment Cooperation Award” ។
និង2.ពានរង្វាន់ស្តីពីការរៀបចំក្រុមហ៊ុន និងសហគ្រាសចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើបានល្អបំផុត “Best Industry Organizer Award”។
មូលហេតុដែលធ្វើឱ្យកម្ពុជាទទួលបានពានរង្វាន់ទាំងពីរនេះ ដោយសារតែកម្ពុជាបានគោរពនូវបទប្បញ្ញតិ និងលក្ខខណ្ឌនានារបស់គណៈកម្មការរៀបចំពិព័រណ៍ដែលមានដូចជា៖ ការរៀបចំពន្លាជាតិ, ការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម, ការតុបតែងលម្អស្តង់ពិព័រណ៍, ការជ្រើសរើសគុណភាពផលិតផល និងសេវាកម្ម ព្រមទាំងការរៀបចំគណៈប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ជាដើម។
តាមរយៈពានរង្វាន់ទាំងពីរនេះ គឺជាមោទនភាពថ្មីសម្រាប់ប្រទេសកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មសូមចូលរួមត្រេកអរជាមួយប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណចំពោះធុរជន និងពាណិជ្ជករ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានសហការចូលរួមពិព័រណ៍ពាណិជ្ជកម្មនេះ។
សូមបញ្ជាក់ថា ស្ដង់ទំនិញរបស់ក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករកម្ពុជាដែលបានមានចំនួន 122ស្ដង់ដោយរៀបចំជាខ្លោងទ្វារពន្លាជាតិរបស់កម្ពុជាដែលបានជ្រើសរើសយកខេត្តព្រះវិហារជាតំណាងក្នុងប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី21 និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈវិស័យទេសចរណ៍»។
ពន្លាជាតិកម្ពុជាមានខ្លោងទ្វារសង់តាមរចនាប័ទ្មប្រាសាទព្រះវិហារអមដោយរបងទាំងសងខាងដែលមានការតុបតែងតាមរចនាប័ទ្មប្រាសាទព្រះវិហារ និងរំលេចដោយរូបភាពនៃទេសភាពឆ្នេរសមុទ្រ ប្រាសាទសំបូរព្រៃគុក និងរួបភាពប្រាសាទអង្គរវត្ត។ ក្នុងនោះកម្ពុជា មានឆាកសម្តែងសិល្បៈនៅចំកណ្តាល ហើយផ្ទាំងទេសភាពនៅខាងក្រោយឆាកសម្តែងសិល្បៈជារូបប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ហើយនៅផ្នែកខាងលើមានទង់ជាតិព្រះរាជាណាចក្រកម្ពុជា។
ក្នុងពន្លាជាតិក៏មានការតាំងបង្ហាញនូវផលិតផលសក្តានុពលចម្រុះទាក់ទងនឹងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឯកសារស្តីពីសម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនានា ហើយនិងមានការសម្តែងសិល្បៈជាប្រចាំនៅទីនោះផងដែរ៕