Cesc Fabregas កំពុងតែស្ថិតនៅចំកណ្តាលនៃការប្រជែងគ្នាទិញក្នុងតម្លៃខ្លួន២៥លានផោន (ស្មើនឹង៣២លានដុល្លារអាមេរិក) រវាងក្លិបបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool។
លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានធ្វើឲ្យមានការប្រទាញប្រទង់គ្នានេះ តាមរយៈការឈានចូលក្នុងការប្រជែងទិញខ្សែបម្រើរបស់ក្លិប Chelsea វ័យ២៩ឆ្នាំរូបនេះ នារដូវក្តៅខាងមុខនេះ។ ស្របពេលជាមួយគ្នានេះ លោក Jose Mourinho ដែលជាអតីតអ្នកចាត់ការទូទៅរបស់ Fabregas ក៏កំពុងតែកោតសរសើរទៅលើកីឡាករដ៏មានបទពិសោធរូបនេះផងដែរ និងពិតជាចង់នាំយករូបគេនៅកីឡដ្ឋាន Old Trafford ក្នុងនាមជាផ្នែកមួយនៃគម្រោងចំណាយក្នុងពេលបិទរដូវកាលនេះ។
លោក Klopp ក៏ចង់ពង្រឹងតំបន់ការពាររបស់លោកផងដែរ ជាពិសេសស្របពេលដែលក្លិប Barcelona ហាក់បង្ហាញយ៉ាងច្បាស់ពីការចាប់អារម្មណ៍របស់ខ្លួនទៅលើ Philippe Coutinho។ ក្លិប AC Milan, Bayern Munich, Atletico Madrid និងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Super League របស់ចិន ក៏កំពុងតែចាប់អារម្មណ៍ទៅលើ Fabregas ផងដែរ ប៉ុន្តែ រូបគេចង់បន្តលេងនៅប្រទេសអង់គ្លេស។ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ បានជួបការលំបាកក្នុងការប្រជែងយកកៅអីក្នុងជម្រើសទាំង១១នាក់ដំបូងនៅកីឡដ្ឋាន Stamford Bridge នារដូវកាលនេះ ក្រោយពីការផ្ទេរចូលរបស់ N’Golo Kante ក្នុងតម្លៃខ្លួន២៩លានផោន កាលពីឆ្នាំមុន៕
ប្រភពពី៖ The Sun