កីឡាករថៃ រិទ្ធី របស់កម្ពុជា បានបង្កើតការភ្ញាក់ផ្អើលនៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករនៅសង្វៀនដាក់ទ្រុង Jakarta Convention Center ក្នុងការបង្ហាញខ្លួនជាលើកទី១របស់ខ្លួនក្នុងកម្មវិធីរបស់ ONE Championship ពេលប្រកួតកីឡាករសញ្ជាតិលលីប៊ឺរី Jerome S Paye ក្នុងការប្រកួតព្រឹត្តិការណ៍គុនចម្រុះ ONE: Total Victory កាលពីយប់ថ្ងៃសៅរ៍។
ទោះបីជាយ៉ាងណា កីឡាករកម្ពុជាពីរនាក់ផ្សេងទៀតដែលរួមមានស៊ីម ប៊ុនស្រ៊ុន និងផាត់ សូដា បានជួបលទ្ធផលដ៏ខកចិត្តដូចគ្នា ក្រោយពីចាញ់កីឡាករម្ចាស់ផ្ទះ Stefer Rahardian និង Adrian Matheis រៀងៗខ្លួន។ កីឡាករថៃ រិទ្ធី វ័យ 22ឆ្នាំរបស់កម្ពុជា បានចាប់ផ្តើមយ៉ាងល្អក្នុងទឹកទី1 តាមរយៈការប្រើប្រាស់កណ្តាប់ដៃវាយចំគោលដៅយ៉ាងល្អលើដៃគូ មុននឹងគេចផុតពីការព្យាយាមក្លេរបស់កីឡាករ S Paye។
ការភ្ញាក់ផ្អើលផ្សេងៗបានកើតឡើងភ្លាមៗ ក្នុងទឹកទី2 ក្រោយពីកីឡាករទាំងពីរបានសម្រេចចិត្តប្តូរកណ្តាប់ដៃគ្នា ខណៈដែលការបញ្ចេញចលនាដ៏រហ័ស និងការវាយចំគោលយ៉ាងល្អយ៉ាងសន្ធាប់ៗ បានជួយឲ្យ រិទ្ធី វាយដៃគូរបស់ខ្លួនសន្លប់តែម្តងទៀត ក្នុងរយៈពេលតិចជាងមួយ១នាទី ក្នុងទឹកដដែលនោះ។
ដោយឡែក កីឡាករស៊ីម ប៊ុនស្រ៊ុន និងផាត់ សូដា សុទ្ធសឹងបានសម្តែងនូវការសោកស្តាយរបស់ខ្លួន បន្ទាប់ពីចាញ់កីឡាករ Rahardian និង Matheis ដោយសារតែស្នៀតក្លេ ត្រឹមការប្រកួតនៅទឹកទី1ដូចគ្នា។ ក្នុងការប្រកួតក្នុងទម្ងន់ 56,7គីឡូក្រាមរបស់ខ្លួន ប៊ុនស្រ៊ុន បានចាប់ផ្តើមយ៉ាងល្អ និងហាក់មានប្រៀបលើដៃគូជាមួយនឹងស្នៀតប្រកួតគុនខ្មែររបស់ខ្លួន ប៉ុន្តែ ការភ្នាត់ ធ្វើឲ្យចូលស្នៀតក្លេរបស់ដៃគូ និងចាញ់ការប្រកួតនេះតែម្តង។ ស្របពេលជាមួយគ្នានេះ សូដា ក៏បានសម្តែងនូវការសោកស្តាយរបស់ខ្លួនផងងដែរ ក្រោយពីចាញ់ Matheis ដោយស្នៀតក្លេក្នុងទឹកទីមួយដូចគ្នា៕