នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នឹងមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីទទួលភ្ញៀវទេសចរណ៍ និងអំណរបុណ្យប្រពៃណីជាតិ។
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កម្មវិធីលេងល្បែងកម្សាន្តបែបប្រជាប្រិយ, កម្មវិធីដុតកាំជ្រួច, ល្បែងវាយក្អម, ល្បែងជិះពោងនាគ, រត់ប្រណាំងគ្នាលើឆ្នេរខ្សាច់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត ដើម្បីទទួលភ្ញៀវទេសចរណ៍ ក៏ដូចជាទទួលអំណរបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមការអះអាងរបស់លោក ប៊ុន ណារ៉ា ជាអ្នកគ្រប់គ្រងស្ពានឫស្សី និង រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។
លោក ណារ៉ា បញ្ជាក់ថា ដើម្បីឱ្យកម្មវិធីកម្សាន្តនានា ប្រព្រឹត្តទៅដោយរលូន និងសុខសុវត្ថិភាព ខាងរមណីយដ្ឋាននេះបានត្រៀមសន្តិសុខការពារទាំងផ្លូវទឹក ទាំងផ្លូវគោក ជូនប្រជាជនដែលជាភ្ញៀវទេសចរណ៍ផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគុណ មានប្រសាសន៍ថា ភ្ញៀវទេសចរណ៍ចង់ទៅលេងរមណីយដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែន គឺអាចធ្វើដំណើរតាមស្ពានប្រដឹសឫស្សី ពីក្រុងកំពង់ចាម។ សម្រាប់អ្នកដែលមានរថយន្ត ត្រូវបើកឆ្លងតាមស្ពានកោះប៉ែន ហើយពេលវិលត្រឡប់វិញ ភ្ញៀវអាចទិញបន្លែ ផ្លែឈើជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋនៅទីនេះ ដាំដុះតាមបែបធម្មជាតិ។
អ្នកគ្រប់គ្រងស្ពានប្រដឹសឫស្សី និង រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បានអំពាវនាវឱ្យភ្ញៀវដែលមកលេង ចូលរួមរក្សាសម្អាតអនាម័យ និងវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម វិញ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តន៍វិធានការទប់ស្កាត់ការឆ្លង កូវីដ-១៩ ទៅតាម ក្រសួងសុខាភិបាល ក្នុងនោះ កុំភ្លេចវិធានការ «៣កុំ និង ៣ការពារ»។
ឆ្នេរខ្សាច់កោះប៉ែន មានទីតាំងស្ថិតនៅ ភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីសណ្ឋាគារ មិត្តភាព។ ឆ្នេរខ្សាច់កោះប៉ែន ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ឆ្នេរសមុទ្យ និងកោះ។
ខាងក្រោមនេះគឺជាកម្រងរូបថតពីបណ្ដាញសង្គម ដែលបង្ហាញពីទិដ្ឋភាពនៅ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ៖