ក្រុមអ្នកវិភាគនៅ Wall Street និងក្រុមអ្នកវិនិយោគតូចតាចសុទ្ធតែជឿថា តម្លៃមាសនៅតែស្ថិតក្នុងនិន្នាការកើនឡើង។
តម្លៃមាសបានកើនឡើង ១% កាលពីសប្ដាហ៍កន្លង ដោយបញ្ចប់ការជួញដូរក្នុងរង្វង់តម្លៃ ១,៩៤៦.៧ ដុល្លារ/អោន។ Davie Madden អ្នកវិភាគទីផ្សារប្រចាំ Equiti Capital បានព្យាករថា តម្លៃមាសអាចឡើងថ្លៃដល់ ១,៩៦០ ដុល្លារ/អោន (១ អោន/ounce ជិតស្មើនឹង ៨.៣ ជី) នៅក្នុងសប្ដាហ៍នេះ។
ចំណែក Bart Melek ប្រធានផ្នែកយុទ្ធសាស្ត្រសកលរបស់ក្រុមហ៊ុន TD Securities បានលើកឡើងថា ក្នុងសប្ដាហ៍ក្រោយ តម្លៃមាសអាចប្រែប្រួលចន្លោះពី ១,៩២០ ដល់ ១,9៦៧ ដុល្លារ/អោន។ រីឯអ្នកវិភាគ Edward Yoya នៃក្រុមហ៊ុន OANDA យល់ថា មាសក្នុងសប្ដាហ៍ក្រោយអាចឡើងថ្លៃខ្ពស់បំផុតត្រឹម ១,៩៧០ ដុល្លារ/អោន និងទាបបំផុតត្រឹម ១,៩០០ ដុល្លារ/អោន។
លទ្ធផលនៃការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Kitco News ក៏បានបង្ហាញថា មានការសង្ឃឹម និងជឿជាក់ថា តម្លៃមាសនៅតែស្ថិតក្នុងនិន្នាការកើនឡើង។ អ្នកវិភាគចំនួន ១០ នាក់ ក្នុងចំណោម ១៦ នាក់ ដែលបានចូលរួមការស្ទង់មតិរបស់ Kitco សង្កត់ធ្ងន់ថា មាសនឹងឡើងថ្លៃក្នុងសប្ដាហ៍នេះ។ អ្នកវិភាគក្រៅពីនេះ យល់ថា តម្លៃមាសនឹងនៅដដែល។
ចំណែកអ្នកវិនិយោគតូចតាចវិញ ក្នុងចំណោមអ្នកដែលបានចូលរួមការស្ទង់មតិ មាន ៥៧% ព្យាករថា តម្លៃមាសនឹងកើនឡើងនៅសប្ដាហ៍ក្រោយ ក្នុងពេលដែល ២៣% យល់ថា ធ្លាក់ចុះ និង ២០% គិតថា នឹងនៅដូចបច្ចុប្បន្ន។