ធនាគារពិភពលោក (World Bank) ព្យាករថា សេដ្ឋកិច្ចរបស់ ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះ ៤៥.១% ក្នុងឆ្នាំ ២០២២ ដោយសារផលប៉ះពាល់ពីសង្គ្រាមរវាងប្រទេសនេះ និង រុស្ស៊ី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera ធនាគារពិភពលោក កាលពីថ្ងៃទី ១០ មេសា បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ អ៊ុយក្រែន អាចនឹងថមថយ ៤៥.១% ក្នុងឆ្នាំនេះ ព្រោះតែសង្គ្រាមបានបង្ខំឱ្យបណ្ដាក្រុមហ៊ុនត្រូវបិទទ្វារ កាត់បន្ថយការនាំចេញ និងបំផ្លាញសក្ដានុពលនៃផលិតភាព។ នេះគឺជាការវាយតម្លៃថ្មីបំផុតរបស់ ធនាគារពិភពលោក ស្ដីពីផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សង្គ្រាមនៅ អ៊ុយក្រែន។
World Bank ក៏បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ ២០២២ របស់ រុស្ស៊ី នឹងថយចុះ ១១.២% ដោយសារតែត្រូវរងទណ្ឌកម្មពី អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច។
ចំណែកតំបន់អឺរ៉ុបខាងកើត រួមមាន អ៊ុយក្រែន, បេឡារូស និង ម៉ុលដាវី ត្រូវបាន World Bank ព្យាករថា GDP នឹងត្រូវថយចុះ ៣០.៧% ក្នុងឆ្នាំនេះដែរ ព្រោះតែសង្គ្រាមនៅ អ៊ុយក្រែន និងបញ្ហារអាក់រអួលនៃពាណិជ្ជកម្ម។
កាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយរបស់ក្រុមមេដឹកនាំតំបន់ Donetsk និង Luhansk នៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន។ ការធ្វើសង្គ្រាមនេះ ត្រូវបាន ទីក្រុងមូស្គូ ពន្យល់ថា គឺដើម្បីធ្វើឱ្យ អ៊ុយក្រែន នៅជាប្រទេសអព្យាក្រឹត។ ក្រោយពីចូលឈ្លានពានលើ អ៊ុយក្រែន ប្រទេសរុស្ស៊ី ក៏ចាប់ផ្ដើមរងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់បណ្ដាប្រទេសលោកខាងលិច។