ថ្មីៗនេះ អ្នកដឹកនាំបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក កៅ សីហា បានចេញពាក្យរិះគន់ចំពោះការចេញបទរ៉េប បែបពាក្យអាសគ្រាមភាសា ក្នុងការឌឺដងផ្លែផ្កាមិនសមរម្យដាក់គ្នា ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និង ក្រសួងព័ត៌មាន ដែលសំដៅដល់ការច្រៀងរ៉េបរបស់តារាចម្រៀងរ៉េប Original Song ខ្មែរមួយជីវិត។
លោក សីហា បានសរសេរនៅលើ Facebook របស់លោកថា “តើការចេញបទរ៉េប បែបពាក្យអាសគ្រាមភាសា ដែលមានពាក្យអសុរោះវាចា ឌឺដងផ្លែផ្កាមិនសមរម្យទាំងនេះ មានការអនុញ្ញាតពីក្រសួងវប្បធម៌ ឬក្រសួងព័ត៌មានដែរទេ? វាហាក់ជាន់ឈ្លីសង្គមសិល្បៈខ្មែរ ហើយដៀលមើលថោកសិល្បករខ្មែរពេកហើយ ដែលអ្នកឯងរ៉េបស្រែកថា ពួកសិល្បករខ្មែរ លក់ក្ដិត លក់ក្ដ ឲ្យឧកញ៉ា លោកជំទាវនោះ! ហើយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរក្នុងសង្គម របស់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ដែលលោកឯងរ៉េបដៀលពាក់ព័ន្ធនោះទៀតផង”។
នៅក្នុងនោះដែរ អ្នកដឹកនាំបទចម្រៀងរូបនេះបានបន្ដទៀតថា “ពាក្យអសុរោះរបស់លោកឯង ដឹងទេថា ក្រោយពេលបង្ហោះជាសាធារណៈហើយ តើនឹងមានមហាជនអាយុប៉ុន្មានខ្លះយកមកស្ដាប់? តើសីលធម៌សង្គមធ្លុះធ្លាយកម្រិតណាតាមរយៈស្នាដៃ ពាក្យពេចន៍របស់លោកឯងរ៉េបហ្នឹង? ហាឡើងមកប្រដៅ បង្រៀនកូនខ្មែរ ដែលខ្លួនជាបញ្ញវ័ន្តរ៉េប ឲ្យកូនខ្មែរស្គាល់អ្វីដែលហៅថារ៉េប! អ៊ីចឹងរ៉េបគឺជាការជេរម្រ៉ាយគ្នា រ៉េបគឺជាការដៀលជាន់ពន្លិចសិល្បៈ និងសិល្បករខ្មែរឬ? កុំយកពាក្យថាគ្រាមភាសាមកប្រើឲ្យសោះ! ហើយលោកឯងមានបានគិតទេថា ការរ៉េបរបស់លោកឯង វាបានធ្វើឲ្យធ្លាក់ចុះសីលធម៌ សេចក្ដីថ្លៃថ្នូរក្នុងសង្គមនោះ? សូមប្រើសិទ្ធិជាបុគ្គលរ៉េបត្រឹមបុគ្គលបានហើយ កុំថែមថយប៉ះពាល់ស្ថាប័នគេផ្សេង លើសប្រធានបទហើយ លោកបញ្ញវ័ន្តរ៉េបអើយ!” ៕