ដោយមានទ្រព្យ ១.១ ពាន់លានដុល្លារអាម៉េរិក Andy Fang ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ DoorDash ក៏មានវត្តមាននៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីវ័យក្មេងបំផុតរបស់ទស្សនាវដ្ដី Forbes។
នៅពេលនិយាយដល់អ្នកជំនួញក្នុងវិស័យបច្ចេកវិទ្យានៅជ្រលងភ្នំ Silicon គេមិនអាចមិនរំលឹកដល់ Andy Fang ដែលជា CTO របស់ក្រុមហ៊ុនប្រគល់អាហាររហ័ស DoorDash។
កំលោះជនជាតិអាម៉េរិក ដើមកំណើតចិន កើតឆ្នាំ ១៩៩២ ជាមនុស្សពូកែ ឧស្សហ៍ព្យាយាម និងហ៊ានប្រឈមមុខនឹងហានិភ័យ។ ប៉ុន្តែ ទាំងនេះមិនមែនគ្រប់យ៉ាងដែលនាំឱ្យ Andy Fang ជោគជ័យនោះទេ។
«Andy Fang គឺជាសិស្សគំរូម្នាក់ដែលគ្រូបង្រៀនណាក៏ចូលចិត្ត។ គាត់ប្រឹងប្រែងខ្លាំងណាស់ សូម្បីតែមេរៀនដែលតូចតាចបំផុត» Eric Nelson ប្រធានមុខវិជ្ជវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Stanford បានប្រាប់ The Harker ដូច្នេះ។
មុនពេលបានក្លាយជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនធុរកិច្ចថ្មីមួយដែលមានតម្លៃបំផុតនៅជ្រលង Silicon កំលោះ Fang គឺជាសិស្សឆ្នើម។ គាត់ធ្លាប់ជាប្រធានសមាគមនិស្សិត។
ឱកាសបានផ្ដល់ឱ្យ Andy Fang នៅពេលកំពុងជានិស្សិតឆ្នាំទីពីរ។ គ្រាមួយ គាត់រួមនឹងនិស្សិត ៣ នាក់ទៀត គឺ Evan Moore, Stanley Tang និង Tony Xu បានធ្វើកិច្ចការសាលាជាមួយគ្នា និងមានឱកាសពិភាក្សាគ្នាច្រើន ក្នុងនោះមានទាំងបញ្ហាបញ្ជាទិញអាហារផងដែរ។ បន្ទាប់បាននិយាយជាមួយម្ចាស់ភោជនីយដ្ឋានជិត ១០ កន្លែង ពួកគេក៏ដឹងថា ការទទួលការបញ្ជាទិញ និងការប្រគល់ទំនិញនៅលើគេហទំព័រ តែងតែមានបញ្ហា និងមិនងាយស្រួល។ ពួកគេក៏បានបង្កើត PaloAltoDelivery ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជាទិញទំនិញបានយ៉ាងលឿននៅលើទូរស័ព្ទ។ មិនយូរប៉ុន្មាន ពួកគេក៏ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងក្រុមម្ចាស់ភោជនីយដ្ឋាន។
ដើម្បីស្វែងរកអតិថិជនដំបូងៗ ក្រុមរបស់ Andy Fang ក៏បាននាំគ្នាផ្ញើសារឱ្យនិស្សិតក្នុងសាលា និងក្នុងអន្តេវាសិកដ្ឋាន។ មកដល់ឆ្នាំ ២០១៣ PaloAltoDelivery ទទួលប្រាក់ ១២០,០០០ ដុល្លារពីកម្មវិធីជំនួយក្នុងការបើកក្រុមហ៊ុនថ្មីរបស់ Y Combinator។ Fang និងសហការី បានប្ដូរឈ្មោះ PaloAltoDelivery ទៅជា DoorDash។
មុនពេលជ្រើសរើសបុគ្គលិកសម្រាប់ដឹកជញ្ជូន សហស្ថានិកទាំង ៤ រូបរបស់ DoorDash នៅតែធ្វើការដឹកជញ្ជូនដោយផ្ទាល់ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១៨ ជារៀងរាល់ថ្ងៃ។ ឆ្នាំ ២០១៤ DoorDash ទទួលបានខ្ទង់វិនិយោគ ២០ លានដុល្លារ។ ពេលនោះ DoorDash ក៏បានក្លាយជាក្រុមហ៊ុនប្រគល់អាហារសម្រាប់ភោជនីយដ្ឋានជាង ១,០០០ នៅ Bay Area និង Los Angeles មុនពេលពង្រីកខ្លួនពាសពេញទឹកដីអាម៉េរិក។
ពីរឆ្នាំក្រោយមក Andy Fang និង Stanley Tang មានឈ្មោះនៅក្នុងបញ្ជី Forbes Under ៣០ ក្នុងប្រភេទបច្ចេកវិទ្យាសម្រាប់អតិថិជន។ ចុងឆ្នាំ ២០១៩ DoorDash ប្រមូលទុនបានជាង ២.៥ ពាន់លានដុល្លារពីអ្នកវិនិយោគធំៗដូចជា SoftBank, Sequoia Capital និង Singapore GIC ជាដើម នេះបើតាម CNBC។
មួយឆ្នាំបន្ទាប់មកទៀត DoorDash បានឡើងផ្សារហ៊ុន។ Fang បានឈានជើងចូលក្នុងក្លឹបមហាសេដ្ឋីរបស់ពិភពលោក ហើយបច្ចុប្បន្នមានទ្រព្យចំនួន ១.១ ពាន់លានដុល្លារអាម៉េរិក។ ក្រោយពីជោគជ័យនៅ អាម៉េរិក DoorDash ចាប់ផ្ដើមពង្រីកខ្លួនទៅក្នុងទីផ្សារបរទេស ដូចជា អាល្លឺម៉ង់ និង ជប៉ុន។
«យើងនៅតែធ្វើកិច្ចការដើម្បីកសាងប្រព័ន្ធដឹកជញ្ជូនមួយដែលឆ្លាតវៃ។ គ្រប់ការងារលម្អិត សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដូចជា អ្នកប្រគល់ទំនិញអាចចតយានយន្តនៅកន្លែងណាក្នុងទីក្រុង, ចំណាយពេលប៉ុន្មានក្នុងការធ្វើនំភីហ្សា ១ ឈុត ឬការ៉ែម ១ ដើមអាចរក្សាភាពត្រជាក់បានរយៈពេលប៉ុន្មាននាទី។ល។ កិច្ចការលម្អិតនីមួយៗសុទ្ធតែត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ទាមទារឱ្យមានសុក្រឹតភាពខ្ពស់។ ប្រការនេះបានជួយឱ្យ DoorDash ខុសប្លែកពីបណ្ដាអែបប្រគល់អាហារផ្សេង» មហាសេដ្ឋី Andy Fang បញ្ជាក់ដូច្នេះ៕