ការស៊ុតបាល់បញ្ចូលទី1គ្រាប់ដ៏ល្អរបស់ខ្សែប្រយុទ្ធ Jermain Defoe បានជួយឱ្យក្រុមម្ចាស់ផ្ទះBournemouth ទទួលបានពិន្ទុជាលើកដំបូងក្នុងការប្រកួតក្របខណ្ឌ English Premier League ក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះលើក្រុមចំណូលថ្មី Brighton ក្នុងលទ្ធផល 2-1។
ក្នុងការប្រកួតនាសប្តាហ៍ទី5នេះម្ចាស់ផ្ទះ Bournemouth ស្ទើរតែក្លាយទៅជាក្រុមរងគ្រោះជាថ្មីម្តងទៀតទៅហើយ ខណៈត្រូវក្រុមភ្ញៀវ Brighton រកបានគ្រាប់បាល់បញ្ចូលទីនាំមុខ1គ្រាប់មុនក្នុងនាទីទី55 ដោយខ្សែបម្រើ March S។ តែយ៉ាងណាក៏ដោយ នៅនាទីទី 67 Bournemouth មានឱកាសរកគ្រាប់បាល់បាន1គ្រាប់វិញ ពីការលេងសហការគ្នាល្អរវាង Jordon Ibe ដែលទើបផ្ទេរមកពីក្រុម Liverpool ជាមួយនឹង Andrew Surman។ 6នាទីក្រោយមក Jermain Defoe បានទម្លុះសំណាញទី Brighton ជាថ្មីម្តងទៀត។
បើទោះបីជាទទួលបាន3ពិន្ទុពីការប្រកួតនេះ ក៏ Bournemouth មិនអាចឡើងផុតពីចំណាត់ថ្នាក់ទី19 ក្នុងតារាងឡើយ។
ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតនៅឯកីឡដ្ឋាន Vitality នៅថ្ងៃអង្គារក្នុងជុំទី 3 នៃក្របខណ្ឌ EFL Cup៕