យានហោះហើររបស់ក្រុមហ៊ុន Ascend Dynamics មានបំពាក់មុខងារជាច្រើនសម្រាប់បេសកកម្មជួយសង្គ្រោះ ពន្លត់អគ្គិភ័យ និងការថែទាំនៅទីខ្ពស់។
វិស្វករ Daniel Gant ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ascend Dynamics, LLC នៅ Poplar រដ្ឋ Wisconsin សហរដ្ឋអាម៉េរិក បានចំណាយពេល ១ ឆ្នាំកន្លះ ដើម្បីអភិវឌ្ឍឧបករណ៍ហោះហើរដើរដោយថាមពលអគ្គិសនីខាងលើ។ ម៉ូដែលគំរូដំបូងមានឈ្មោះថា Skypak V១ ត្រូវបានរចនាឡើងដើម្បីអាចពាក់នៅលើខ្នង ដោយមានគ្រោងធ្វើពីអាលុយមីញោមដែលមានស្លាបចំនួន ៣ លយចេញមកក្រៅ។
នៅខាងចុងស្លាបនីមួយៗ មានម៉ាស៊ីនរុញច្រានចំនួន ២ និងស្លាប់ចក្រធ្វើពីឈើ។ យាននេះមានម៉ូទ័រអគ្គិសនី ៧ គីឡូវ៉ាត់ ចំនួន ១២ គ្រឿង ដែលផ្ដល់កម្លាំង ១១២ សេះ សម្រាប់គ្រោងឆ្អឹងដែលមានទម្ងន់ ៣៦ គីឡូក្រាម។
យោងតាម Gant ជាមួយនឹងថ្ម lithium – polymer ៥០ Vm ១.៨២ គីឡូវ៉ាត់ម៉ោង ដូចបច្ចុប្បន្ន យាននេះអាចហោះហើរក្នុងរយៈពេល ២ នាទី។ Gant កំពុងមានផែនការស្វែងរកទុនបន្ថែម ដើម្បីអភិវឌ្ឍកំណែទីពីរ ដើម្បីធ្វើការហោះហើរសាកល្បងដោយមានមនុស្សបើកបរ។ កំណែទីពីរដែលមានឈ្មោះថា Skypak V២ នាពេលខាងមុខ នឹងប្រើប្រាស់ស្លាបចក្រធំជាងកំណែទីមួយ និងស្ថិតក្នុងគ្រោងការពារ ជួយធានាសុវត្ថិភាពសម្រាប់អ្នកបើកបរ។ ដូច្នេះ ទម្ងន់របស់គ្រោងយានក៏កើនឡើងដល់ ៤៥ គីឡូក្រាម និងអាចដឹកអ្នកបើកបរដែលមានទម្ងន់ ៩០ គីឡូក្រាម ហើយហោះហើរបាន ២ នាទី។
បន្ទាប់ពីកំណែទីពីរទទួលបានជោគជ័យ Gant នឹងនាំផលិតផលរបស់ខ្លួនចូលក្នុងទីផ្សារ។ គ្រោងឆ្អឹងធ្វើពីអាលុយមីញោម នឹងត្រូវបានជំនួសដោយសរសៃកាបូន ខណៈដែលម៉ូទ័រត្រូវបានបន្ថែមកម្លាំង ចំណែកទម្ងន់ដែលវាអាចផ្ទុកបានក៏នឹងត្រូវបង្កើនដល់ ១៣៦ គីឡូក្រាម។
យោងតាមក្រុមហ៊ុន Ascend យានហោះហើររបស់ពួកគេមានអត្ថប្រយោជន៍ច្រើននៅក្នុងបេសកកម្មជួយសង្គ្រោះ, អនុវត្តច្បាប់, ពន្លត់អគ្គិភ័យ សកម្មភាពយោធា រួមនឹងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅទីខ្ពស់។ល។ យាននេះអនុញ្ញាតឱ្យបើកបរដោយផ្ទាល់ ឬដោយស្វ័យប្រវត្ត។