នៅពេលទណ្ឌកម្មនានារបស់លោកខាងលិច ត្រូវបានដាក់ទៅលើទីក្រុង Kaluga របស់ រុស្ស៊ី ក៏ដូចជាបណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់បរទេសដែលរកស៊ីនៅទីនេះ កម្មកររាប់ពាន់នាក់ក្នុងវិស័យរថយន្ត ត្រូវឈប់ ឬផ្អាកពីការងារដោយមិនទទួលបានប្រាក់ខែ ខណៈដែលតម្លៃទំនិញកើនឡើងខ្ពស់។
យោងតាមសារព័ត៌មាន Reuters ក្រុមមន្ត្រីនៅតំបន់ Kaluga (មានចម្ងាយពី ទីក្រូងមូស្គូ ១៩០ គីឡូម៉ែត្រ ទៅទិសនិរតី) ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៦ ពួកគេទាក់ទាញការវិនិយោគបាន ១៥ ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនគឺទុនពីបរទេស។
ក៏ប៉ុន្តែ ទណ្ឌកម្មរបស់បស្ចិមលោក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ បានធ្វើឱ្យបញ្ហាខ្វះគ្រឿងបន្លាស់កាន់តែមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឱ្យរោងចក្រផលិតរថយន្តធំៗចំនួន ២ របស់ Volkswagen (អាល្លឺម៉ង់) និង Volvo (ស៊ុយអែត) ត្រូវផ្អាកដំណើរការ។
រោងចក្រផលិតរថយន្តទីបី គឺ PSMA Rus ដែលជាកិច្ចសហការរវាង Stellantis និង Mitsubishi និងមានកម្មករប្រមាណ ២,០០០ នាក់ ក៏អាចនឹងត្រូវផ្អាកដំណើរការក្នុងពេលឆាប់ៗនេះ ព្រោះតែកង្វះគ្រឿងបន្លាស់។
Pavel Terpugov ជាកម្មករម្នាក់នៅរោងចក្រ PSMA Rus ឱ្យដឹងថា «មិនច្បាស់ថា នឹងមានអ្វីកើតឡើងបន្តទៀត។ ពួកគេមិនបានផ្ដល់ព័ត៌មានជាក់លាក់ឱ្យពួកយើងដឹងទេ»។
Pavel Terpugov ប្រាប់ថា គាត់ត្រូវចំណាយប្រាក់ច្រើនជាងមុនទ្វេដង នៅពេលទិញគ្រឿងទេស បើធៀបនឹងមុនពេលមានទណ្ឌកម្ម។ ក្រុមអ្នកវិភាគព្យាករថា អតិផរណារបស់ រុស្ស៊ី អាចកើនឡើង ២៤% ក្នុងឆ្នាំនេះ គ្រាដែលសេដ្ឋកិច្ចអាចថយចុះស្មើនឹងឆ្នាំ ២០០៩។
សហរដ្ឋអាម៉េរិក និង អឺរ៉ុប កំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹង រុស្ស៊ី បន្ទាប់ពីមានការចោទប្រកាន់ថា កងទ័ពរុស្ស៊ី បានបាញ់សម្លាប់ជនស៊ីលនៅ អ៊ុយក្រែន។