ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ប្រាក់ឈ្នួលនៅកម្ពុជាបានកើនឡើងខ្ពស់ជាងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងបណ្តាប្រទេសមួយចំនួនទៀត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ាកាលពីថ្ងៃម្សិលមិញ សម្តេចតេជោបានលើកឡើងថា កម្លាំងពលកម្មរបស់កម្មករ និងពលរដ្ឋខ្មែរបានជំរុញកំណើនសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំក្នុងរង្វង់7ភាគរយ។ ប្រាក់ឈ្នួលនៅកម្ពុជាបានកើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀតដូចជា បង់ក្លាដែស មីយ៉ាន់ម៉ា ឡាវ ឥណ្ឌា និងតំបន់ខ្លះទៀតនៅឥណ្ឌូនេស៊ី ចិន ប៉ាគីស្ថានរួមនឹងប្រទេសមួយចំនួនទៀតផង។
សម្តេចបានបន្តថា “ការប្រកួតប្រជែងប្រាក់ឈ្នួលនៅបណ្តាប្រទេសផ្សេងៗនេះបានធ្វើឲ្យក្រុមអ្នកវិនិយោគងាយនឹងផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេណាស់។
សំដៅដល់សន្តិភាព សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យគ្រប់រោងចក្រទាំងអស់ត្រូវការពារសន្តិសុខក្មួយៗកម្មករ មិនត្រូវឲ្យមានបញ្ហាច្របូកច្របល់ដូចឆ្នាំ2013កើតឡើងម្តងទៀតឡើយ ព្រោះដើម្បីធានាដល់កិច្ចអភិវឌ្ឍត្រូវតែធានាដល់សន្តិសុខ និងសន្តិភាព។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ជាការពិត ការដំឡើងប្រាក់ឈ្នួលខ្ពស់អាចធ្វើឲ្យអ្នកវិនិយោគផ្លាស់ប្តូរទិសដៅរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលមានប្រាក់ឈ្នួលត្រឹមតែ58ដុល្លារក្នុងមួយខែ ខណៈដែលកម្ពុជាមានប្រាក់ឈ្នួលដល់ទៅ148ដុល្លារកាលពីឆ្នាំមុន។ នេះជាចំណុចដែលលោកព្រួយបារម្ភផងដែរ ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលក៏បានអនុគ្រោះការយកពន្ធលើអ្នកវិនិយោគថ្មីរយៈពេល9ឆ្នាំ ដែលនេះជារឿងល្អមួយ។
លោកបន្តថា លើសពីនេះរដ្ឋាភិបាលគួរជួយបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគចាស់ៗ ដូចជាបន្ធូរបន្ថយថ្លៃដឹកជញ្ជូន កាត់បន្ថយតម្លៃអគ្គិសនី ហើយអ្នកវិនិយោគខ្លួនឯងក៏ត្រូវវិនិយោគលើបច្ចេកវិទ្យាដើម្បីបង្កើនសមត្ថភាពនៃការផលិត និងបង្កើនផលិតភាពផងដែរ។
បច្ចុប្បន្នវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើងបានក្លាយជាវិស័យនាំចេញឈានមុខគេដែលគ្របដណ្តប់ប្រមាណ80ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណជាង 80ម៉ឺននាក់៕