មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ត្រូវបានតែងតាំងទៅក្នុងក្រុមប្រឹក្សាភិបាលរបស់បណ្ដាញសង្គម Twitter ប៉ុន្តែ លោកនៅតែត្រូវបានប្រព្រឹត្តស្មើភាពគ្នាដូចទៅនឹងគណនី Twitter ដទៃទៀត។
ការតែងតាំងលោក Elon Musk ទើបត្រូវបាន Twitter បញ្ជូនឯកសារឡើងទៅកាន់គណៈកម្មការមូលបត្រ និងជួញដូរអាម៉េរិក (SEC)។ ឯកសារបានបង្ហាញថា មហាសេដ្ឋីរូបនេះនឹងកាន់តំណែងជាប្រធានទីពីរ ដែលចប់អាណត្តិនៅឆ្នាំ ២០២៤។ មុននោះមួយថ្ងៃ CEO របស់ Tesla ក៏បានប្រកាសថា បានទិញភាគហ៊ុន Twitter ចំនួន ៩.២% និងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់របស់ក្រុមហ៊ុននេះ។
ការដែលលោក Musk ចូលរួមក្នុងគណៈគ្រប់គ្រង ត្រូវបានគេយល់ថា នឹងនាំមកនូវការប្ដូរផ្លាស់សម្រាប់បណ្ដាញសង្គម Twitter។ នៅក្នុងសេចក្ដីប្រកាសលើទំព័រផ្ទាល់ខ្លួន CEO របស់ Twitter លោក Parag Agrawal បានហៅលោក Musk ថាជា «អ្នកគាំទ្រដ៏ស្វិតស្វាញ និងជាអ្នករិះគន់ខ្លាំងក្លាបំផុតអំពីសេវាកម្ម» របស់ Twitter។ លោក Parag Agrawal វាយតម្លៃថា ការចូលរួមរបស់មហាសេដ្ឋីរូបនេះ «នឹងនាំមកនូវគុណតម្លៃធំធេងសម្រាប់ក្រុមប្រឹក្សាភិបាល» និងជួយឱ្យពួកគេមានឥទ្ធិពលជាងមុននៅក្នុងគម្រោងយូរអង្វែង។
លោក Musk ក៏បានឆ្លើយតបនឹងសារខាងលើរបស់ លោក Parag Agrawal ដោយសន្យាថា «នឹងនាំមកនូវការកែលម្អច្រើនសម្រាប់ Twitter នាប៉ុន្មានខែខាងមុខ»។
ប៉ុន្តែ យោងតាមតំណាងរបស់ Twitter លោក Elon Musk នឹងនៅតែត្រូវបានកំណត់សិទ្ធិសម្រេចនៅក្នុងក្រុមហ៊ុន។ «ការសម្រេចចិត្តនានាលើគោលការណ៍របស់យើង មិនត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល ឬភាគហ៊ុនិកឡើយ» Adrian Zamora អ្នកនាំពាក្យរបស់ Twitter បានឱ្យដឹងដូច្នេះ។
Adrian Zamora បន្ថែមថា ក្រុមប្រឹក្សាភិបាលមានតួនាទីក្នុងការផ្ដល់យោបល់ និងលើកឡើងនូវការឆ្លើយតបសំខាន់ៗទាក់ទងនឹងសេវាកម្មរបស់បណ្ដាញសង្គម ខណៈដែលដំណើរការ និងការសម្រេចប្រចាំថ្ងៃនឹងត្រូវបានអនុវត្តដោយអ្នកគ្រប់គ្រង និងបុគ្គលិកនៅ Twitter។ ក្រៅពីនេះ លោក Musk ក៏នឹងត្រូវបានកំណត់មិនឱ្យកាន់កាប់ភាគហ៊ុនលើសពី ១៤.៩%។