អតីតប្រធានាធិបតីរបស់ សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បច្ចុប្បន្នមានមុខជំនួញថ្មីមួយទៀត នោះគឺជំនួញផ្នែកបច្ចេកវិទ្យា ហើយនេះប្រហែលជារឿងចម្លែកសម្រាប់មហាសេដ្ឋីវ័យ ៧៥ ឆ្នាំ ជាមនុស្សដែលធ្លាប់មិនប្រើប្រាស់សូម្បីតែអ៊ីម៉េល ព្រោះចូលចិត្តសរសេរដោយប្រើប៊ិក និងក្រដាស។
លោក ត្រាំ ជាមនុស្សដែលមិនខ្លាចនឹងចូលរួមក្នុងគម្រោងដែលគាត់មានបទពិសោធន៍តិចតួចនាពេលកន្លង ហើយប្រការនេះទំនងជាបាននាំឱ្យលោករកប្រាក់បានច្រើនជាងកាលពីពេលនៅឯ សេតវិមាន។
យោងតាមបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក ឆ្នាំ ២០២២ ដែលទើបត្រូវបានទស្សនាវដ្ដី Forbes ប្រកាសនាពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ មានទ្រព្យចំនួន ៣ ពាន់លានដុល្លារ កើនឡើងបន្តិច ធៀបនឹង ២.៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១។ បច្ចុប្បន្ន លោក ត្រាំ ជាមហាសេដ្ឋីលំដាប់ទី ១,០១២ ក្នុងពិភពលោក លោតឡើងបាន ២៨៧ ថ្នាក់ ធៀបនឹងឆ្នាំកន្លង។
បន្ទាប់ពីត្រូវបាន Twitter ហាមប្រើប្រាស់បណ្ដាញសង្គមនេះ អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនដែលមានឈ្មោះថា Truth Social តាមរយៈក្រុមហ៊ុន Trump Media and Technology Group។ កាលពីខែកុម្ភៈ បណ្ដាញសង្គមនេះត្រូវបានដាក់ឱ្យដំណើរការ និងមានអ្នកទាញយកមកប្រើប្រាស់ចំនួនជាង ១ លានលើក។ បច្ចុប្បន្ន លោក ត្រាំ មានអ្នកតាមដានជាង ៨៣៥,០០០ នាក់ នៅលើ Truth Social ដែលតួលេខនេះមិនទាន់ស្មើនឹង ១% នៃចំនួនអ្នកតាមដានលោកនៅលើ Twitter កាលពីពេលកន្លង។
លោក ត្រាំ ក៏ទើបតែបានបង្ហោះសារមួយនៅលើ Truth Social ៖ «ចូរត្រៀមខ្លួនឱ្យរួចរាល់។ ប្រធានាធិបតីដែលអ្នកចូលចិត្តនឹងជួបអ្នកគ្រប់គ្នាឡើងវិញមិនខាន»។ ក៏ប៉ុន្តែ Forbes ឱ្យដឹងថា គ្រាន់តែ Truth Social ប៉ុណ្ណោះ ក៏បានជួយឱ្យលោក ត្រាំ រកបានប្រាក់ ៤៣០ លានដុល្លារថែមទៀតក្នុងឆ្នាំ ២០២១។
ទន្ទឹមនឹងនេះ គម្រោងច្របាច់បញ្ចូលគ្នារវាង Trump Media និង SPAC (ក្រុមហ៊ុនដែលត្រូវបានទិញក្នុងបំណងពិសេស» មួយទៀត បានជួយឱ្យភាគហ៊ុនរបស់ SPAC នេះ កើនពី ១០ ដុល្លារ ឡើងដល់ជាង ៥០ ដុល្លារ/ហ៊ុន។ យោងតាមឯកសារសាធារណៈ Forbes យល់ថា បច្ចុប្បន្ន លោក ត្រាំ កាន់កាប់ភាគហ៊ុនយ៉ាងតិច ៥០% នៅក្នុងក្រុមហ៊ុនខាងលើ។
គណៈកម្មការមូលបត្រ និងជួញដូរអាម៉េរិក រួមនឹងអាជ្ញាធរគ្រប់គ្រងវិស័យហិរញ្ញវត្ថុ (FINRA) សុទ្ធតែកំពុងពិនិត្យមើលសំណើរនៃការច្របាច់បញ្ចូលគ្នានេះ៕