គ្រឹះស្ថានអង្គរបានដាក់ចេញនូវរបៀបទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមបែបបច្ចេកវិទ្យាទំនើប ដោយមានការសហការជាមួយនឹងធនាគារអេស៊ីលីដា និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់អន្តរជាតិ Visa បន្ថែមពីលើការទិញបែបធម្មតា ដើម្បីបញ្ចប់ការទិតៀន ទាក់ទងនឹងភាពមិនច្បាស់លាស់ស្ដីពីចំណូលពីការលក់សំបុត្រ។
ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរបានឱ្យដឹងក្នុងពិធីហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានអង្គរ និងក្រុមហ៊ុន Visa កាលពីពាក់កណ្ដាលខែកញ្ញានេះថា ការដាក់ចេញនូវរបៀបទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមបែបឌីជីថលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការដាក់បញ្ចូលឱ្យមានទំនើបនីយកម្ម ក៏ដូចជាស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធលក់សំបុត្រសម្រាប់ចូលទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីឱ្យមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរទ្បើងសម្រាប់វិស័យទេសចរណ៍។
ឯកឧត្តមបន្តថា គ្រឹះស្ថានអង្គរ រីករាយក្នុងការសហការជាមួយដៃគូទាំងអស់ជាពិសេស Visa ដើម្បីផ្តល់ជូនភ្ញៀវទេសចរទៅកាន់ប្រាសាទអង្គរវត្ត ឱ្យមានជម្រើសក្នុងការទូទាត់តាមអេឡិចត្រូនិកនៅក្នុងស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ឯកឧត្តមសង្ឃឹមថា ការសហការមួយនេះនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធនៃការលក់សំបុត្របែបថ្មី ដែលបង្កើនភាពងាយស្រួល ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំសម្រាប់ភ្ញៀវទេសចររាប់លានអ្នកដែលនឹងមកទស្សនានៅក្នុងប្រទេសយើងជារៀងរាល់ឆ្នាំទៀតផង។
ឯកឧត្តម ឈន សុភាព ថ្លែងថា៖ «នេះ វាបញ្ជាក់ពីតម្លាភាព កុំឱ្យមានអ្នកខ្លះចេះតែថា គ្រឹះស្ថានអង្គរអ៊ីចេះអ៊ីចុះ ឬបន្លែបន្លំលុយកាក់។ អ៊ីចឹងបើនាំគ្នាចាយតាម Visa ទាំងអស់គ្នា ចូលក្នុងធនាគារទាំងអស់ អាចឆែកមើលដឹងបានទាំងអស់គ្នា ចូលប៉ុន្មាន ចេញប៉ុន្មាន គឺមានទាំងអស់។ ហ្នឹងហើយដែលឈរលើតម្លាភាព និងកុំឱ្យមានអ្នកស្រែក»។
លោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវនៃក្រុមហ៊ុន Visa បានឱ្យដឹងដែរថា លោករីករាយក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារអេស៊ីលីដា ក្នុងការចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមការទទួលយកការទូទាត់តាមប័ណ្ណវីសានៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធនៃការទូទាត់កាន់តែរហ័សជាងមុន។
លោក Preston បានបន្ថែមទៀតថា៖ «ជាផ្នែកមួយនៃគោលបំណងរបស់ Visa គឺយើងខ្ញុំចង់ឱ្យអតិថិជនរបស់យើងអាចប្រើប្រាស់ប័ណ្ណវីសានៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ ជាមួយនឹងការប្រកាសនៅថ្ងៃនេះ យើងកំពុងតែខិតជិតមួយជំហានដើម្បីសម្រេចនូវចក្ខុវិស័យមួយនេះ សម្រាប់ជួយដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា»។
លោកបន្ដថា យោងតាមក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ប្រាសាទអង្គរវត្តជាប្រាសាទមួយក្នុងចំណោមវិមានសាសនាធំៗជាច្រើន ហើយក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរអន្តរជាតិជាង 2លាននាក់។ សព្វថ្ងៃនេះភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាអាចប្រើប្រាស់ប័ណ្ណវីសារបស់ពួកគេបាននៅតាមទីតាំងអាជីវកម្មជិត7,000 កន្លែង និង1,000 ម៉ាស៊ីនATM នៅទូទាំងប្រទេស៕