សង្គ្រាមនៅ អ៊ុយក្រែន ការដាក់ទណ្ឌកម្ម រួមនឹងបញ្ហាប្រាក់រូប្លរុស្ស៊ី ធ្លាក់ថ្លៃ បានធ្វើឱ្យទ្រព្យរបស់ក្រុមអ្នកមានជាងគេនៅ ប្រទេសរុស្ស៊ី «រលាយអស់» ២៦៣ ពាន់លានដុល្លារអាម៉េរិក។
អ្នកមាននៅ រុស្ស៊ី ចំនួន ៨៣ នាក់ មានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកឆ្នាំ ២០២២ របស់ទស្សនាវដ្ដី Forbes ដែលតួលេខនេះ ថយចុះច្រើន បើធៀបនឹង ១១៧ នាក់ កាលពីឆ្នាំ ២០២១។ ក្រុមមហាសេដ្ឋីនៅ រុស្ស៊ី បច្ចុប្បន្នមានទ្រព្យសរុប ៣២០ ពាន់លានដុល្លារអាម៉េរិក តិចជាងឆ្នាំកន្លង ២៦៣ ពាន់លានដុល្លារ។
គិតជាមធ្យម មហាសេដ្ឋីម្នាក់នៅ រុស្ស៊ី បាត់បង់ទ្រព្យអស់ ២៧% ស្មើនឹង ២ ពាន់លានដុល្លារអាម៉េរិក/ម្នាក់។ មហាសេដ្ឋីដែលបាត់បង់ទ្រព្យច្រើនជាងគេរួមមាន Leonid Mikhelson (បាត់បង់ ១០.៩ ពាន់លានដុល្លារ), Alexey Mordashov (បាត់បង់ ១៥.៩ ពាន់លានដុល្លារ), Gennady Timchenko (បាត់បង់ ១០.៧ ពាន់លានដុល្លារ), Vagit Alekperov (បាត់បង់ ១៤.៤ ពាន់លានដុល្លារ), Suleiman Kerimov (បាត់បង់ ១១.៤ ពាន់លានដុល្លារ) និង Tatyana Bakalchuk (បាត់បង់ ១០.៩ ពាន់លានដុល្លារ)។
ឆ្នាំនេះ កំពូលអ្នកមានចំនួន ៣៥ នាក់ របស់ រុស្ស៊ី បានធ្លាក់ចេញពីបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋី ក្នុងនោះមានទាំង Ogleg Tinkov ស្ថាបនិករបស់ Tinkoff Bank និង Arkady Volzh ដែលជា CEO របស់ Yandex។
រុស្ស៊ី មានមហាសេដ្ឋីថ្មីតែ ២ រូបប៉ុណ្ណោះ នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Forbes នាឆ្នាំ ២០២២ នេះ។ នោះគឺ Denis Sverdlov ដែលជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Arrival មានការិយាល័យកណ្ដាលនៅ អង់គ្លេស និង Egor Kulkov សហស្ថាបនិករបស់ក្រុមហ៊ុនផលិតឱសថ Pharmstandard នៅ មូស្គូ។