ក្រុមហ៊ុនផលិតរថយន្ត Hyundai របស់ កូរ៉េខាងត្បូង កំពុងផ្ដោតលើទីផ្សារអាកាសចរណ៍ ដោយមានគម្រោងបញ្ចេញយន្តហោះអ៊ីដ្រូសែនដំបូងនៅឆ្នាំ ២០២៨។
Hyundai កំពុង «លេងល្បែង» មួយប្រកបដោយភាពម៉ឺងម៉ាត់ក្នុងវិស័យអាកាសចរណ៍ជំនាន់ថ្មី ដោយការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ Supernal កាលពីចុងឆ្នាំ ២០២១ ដើម្បីផលិតមធ្យោបាយហោះហើរឡើង និងចុះចតដោយត្រង់ ដំណើរការដោយថាមពលអគ្គិសនី (eVTOL) ក្នុងបរិមាណច្រើន។
នៅក្នុងបទបង្ហាញមួយនៅវេទិកា H2 Aero របស់ Vertical Flight Society ក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក កាលពីសប្ដាហ៍កន្លង Supernal បានឱ្យដឹងថា នឹងបញ្ចេញយន្តហោះ eVTOL ដំបូងរបស់ខ្លួន នៅឆ្នាំ ២០២៨ និងធ្វើពាណិជ្ជកម្មនៅឆ្នាំ ២០៣០។
យោងតាម New Atlas នោះគឺជាយន្តហោះសម្រាប់ទីក្រុងដែលដំណើរការដោយថ្មអ៊ីដ្រូសែន មិនបញ្ចេញឧស្ម័នពុល ដែលអាចហោះបានរយៈចម្ងាយ ១២០ គីឡូម៉ែត្រ ពោលគឺអាចហោះហើរនៅក្នុងរង្វង់នៃទីក្រុងមួយបាន។
ទន្ទឹមនឹងគម្រោងយន្តហោះ eVTOL សម្រាប់ទីក្រុង ក្រុមហ៊ុន Hyundai ក៏មានគម្រោងអភិវឌ្ឍយន្តហោះអ៊ីដ្រូសែន ដែលហោះឡើង និងចុះចតត្រង់ ប្រតិបត្តិការរយៈចម្ងាយឆ្ងាយជាងប្រភេទយន្តហោះខាងលើ ដោយអាចហោះបានចាប់ពី ១៩០ គីឡូម៉ែត្រ ដល់ ១,០០០ គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យបើកបរឆ្លងពីទីក្រុងមួយ ទៅកាន់ទីក្រុងមួយ៕