ក្រោយការបង្កើត Binance បាន ៥ ឆ្នាំ លោក Zhao ត្រូវបាន Bloomberg គណនាឃើញថា មានទ្រព្យសុទ្ធរហូតដល់ ៧៤ ពាន់លានដុល្លារអាម៉េរិក។
លោក Changpeng Zhao ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Binance បច្ចុប្បន្នគឺជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានទ្រព្យច្រើនជាងគេងនៅលើពិភពលោក។
បុរសវ័យ ៤៤ ឆ្នាំ Changpeng Zhao គឺជាអ្នកគ្រប់គ្រងផ្សាររូបិយវត្ថុឌីជីថល ធំជាងគេបង្អស់ក្នុងសកលលោក ដោយមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ ពោលគឺធំជាងជិត ៦ ដង ធៀបនឹងគូប្រជែង Coinbase នៅ សហរដ្ឋអាម៉េរិក។
យោងតាម Bloomberg ក្រោយបង្កើត Binance បាន ៥ ឆ្នាំ លោក Zhao មានទ្រព្យសុទ្ធរហូតដល់ ៧៤ ពាន់លានដុល្លារអាម៉េរិក ជិតស្មើនឹងទ្រព្យរបស់ Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ Meta ជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook។ ដោយជាប់ចំណាត់ថ្នាក់ជាអ្នកមានជាងគេទី ១៥ នៅលើទំព័ររបស់សារព័ត៌មាន Bloomberg លោក Zhao មានទ្រព្យច្រើនជាងស្ថាបនិករបស់ Dell គឺ Michael Dell និងអ្នកស្នងមរតក ៣ នាក់ របស់ Walmart ទៅទៀត។
ចែករំលែងជាមួយ Fortune លោក Changpeng Zhao និយាយថា លោកកើតនៅក្នុងគ្រួសារក្រីក្រ និងធំឡើងក្នុងភូមិមួយក្នុងខេត្ត Jiangsu ប្រទេសចិន។ លោកធ្លាប់ឆ្លងកាត់ជំនាន់ចែករបបអាហារ។
ក្រោយមក គ្រួសាររបស់លោក បានទៅកាន់ ប្រទេសកាណាដា។ Zhao ចាប់ផ្ដើមរកប្រាក់ដោយធ្វើការឱ្យ McDonald’s និងធ្វើជាអ្នកបើកបរនៅក្នុងការប្រកួតបាល់ទះនានា។ បន្ទាប់មក លោកបន្តរៀនអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងធ្លាប់បានធ្វើការច្រើនឆ្នាំនៅ ប្រទេសជប៉ុន និង សហរដ្ឋអាម៉េរិក មុនពេលបង្កើតក្រុមហ៊ុន Binance។
Binance ដើមឡើយមានការិយាល័យកណ្ដាលនៅ ប្រទេសចិន ប៉ុន្តែ បានរើចេញពីប្រទេសនេះ ដោយសារតែមានសម្ពាធពីរដ្ឋាភិបាល។
ពេលនេះ លោក Zhao បានក្លាយជាមហាសេដ្ឋី ដោយមានទ្រព្យរាប់សិបពាន់លានដុល្លារ និងក្ដោបក្ដាប់ផ្សាររូបិយវត្ថុឌីជីថលលំដាប់លើគេក្នុងពិភពលោក ដែលមានតម្លៃនៃការជួញដូរឡើងដល់ជាង ៣៤,០០០ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ ២០២១។
ចំពោះភាពមានបានរបស់ខ្លួន លោក Zhao យល់ថា វាគ្រាន់តែមាននៅលើក្រដាសប៉ុណ្ណោះ។ ហើយយោងតាមល្បឿននៃការពង្រីកខ្លួនរបស់ Binance ភាពមានបានហាក់មិនមែនជារបស់ដែលមានសារសំខាន់បំផុតសម្រាប់លោកឡើយ៕