ក្រុមផលិតភាពយន្តឯកសាររបស់ BBC ថតបានសកម្មភាពផ្សោតសមុទ្រ ២ ក្រុម ដែលប្ដេជ្ញា «ធ្វើសង្គ្រាមពាក្យសម្ដី» នឹងគ្នា ដោយបញ្ចេញសំឡេងបែបទំនាក់ទំនងជាន់ខ្ពស់ប្រកបដោយភាពស្មុគស្មាញ ដើម្បីដណ្ដើមសិទ្ធិជាម្ចាស់បេះដូងនៃផ្សោតញី។
នៅក្នុងសង្គមនៃសត្វផ្សោតសមុទ្រ (Dolphin) ទំនាក់ទំនងក៏មានផ្នែកអវិជ្ជមាន។ ទាំងនេះគឺជាក្រុមសត្វផ្សោតវ័យក្មេង។ ពួកវាតែងតែបញ្ចេញខ្យល់តាមមាត់នៅពេលខឹង ឬត្រៀមស្មារតីសម្រាប់ដេញតាម និងប្រយុទ្ធគ្នា។ នេះបើតាមបណ្ឌិត Denise Herzing អ្នកជំនាញខាងសភាសត្វផ្សោត។
សត្វផ្សោតឈ្មោលតែងហែលជាក្រុមតូចៗ ហើយធ្វើសកម្មភាព និងបញ្ចេញសំឡេងស្របគ្នា។ ពេលនៅជុំគ្នា ពួកវាទំនងជាបង្កើតជាសំឡេងពិសេសសម្រាប់ក្រុមរបស់ខ្លួន។
ក្រុមផ្សោតឈ្មោលទាំងនេះកំពុងដេញតាម Amanda ជាផ្សោតញីដែលអ្នកស្រី Denise ស្គាល់ច្បាប់។ ពួកវាកំពុងទាក់ទាញ Amanda ដោយសកម្មភាពស្របគ្នា។ Amanda ហាក់មិនមានសុភមង្គលប៉ុន្មាននៅចំពោះមុខការយកចិត្តទុកដាក់បែបនេះ ហើយវាក៏បានព្យាយាមដេញក្រុមផ្សោតឈ្មោលដោយប្រើសំឡេងដូចទៅនឹងគេសង្កៀតធ្មេញ និងបក់កន្ទុយដាក់។
យ៉ាងនេះក៏ដោយ ក្រុមផ្សោតឈ្មោលនេះនៅតែបន្ត «ខ្សឹបខ្សៀវ» គ្នា ដើម្បីបានដឹងអំពីស្ថានភាពរបស់ Amanda។ ប៉ុន្តែ ពេលនេះពួកវាមានសត្រូវស្នេហាមកប្រកួតប្រជែង។ នោះគឺជាក្រុមផ្សោតឈ្មោលដែលមានវ័យចំណាស់ជាង។
សង្គ្រាមដណ្ដើមមិត្តស្រីក៏បានចាប់ផ្ដើម។ នៅបាតសមុទ្រ ផ្សោត ២ ក្រុម កំពុងប្រឈមមុខដាក់គ្នា។
ដោយសារមិនត្រូវបានក្រុមសត្វផ្សោតចាប់អារម្មណ៍ អ្នកថតវីដេអូ Didier ក៏មានឱកាសដ៏កម្រ ដើម្បីថតយកសកម្មភាពនៃ «សង្គ្រាមពាក្យសម្ដី» ដ៏ខ្លាំងក្លារបស់ពួកវា។
ភាគីទាំងសងខាងសុទ្ធតែប្រឹងប្រែង «ដំឡើងខ្លួន» និងប្រើប្រាស់ធ្មេញសង្កៀតគ្នាដើម្បីឱ្យឃើញថា ពួកវាធំជាង និងរឹងមាំជាង។ នោះគឺជាការគំរាមដែលមិនប្រើប្រាស់អំពើហិង្សា ប៉ុន្តែគឺជាការយោងទៅលើកម្រិតនៃទំនាក់ទំនងជាន់ខ្ពស់។
មិនយូរប៉ុន្មាន ក្រុមផ្សោតវ័យចំណាស់ ក៏បានដេញក្រុមផ្សោតវ័យក្មេងបានសម្រេច។ សង្គ្រាមរវាងផ្សោតឈ្មោល ២ ក្រុម ក៏ត្រូវបានបញ្ចប់៕