ប្រទេសចិន កំពុងដំឡើងផ្ទាំងសូឡានៅលើកសិដ្ឋានផលិតអគ្គិសនីដែលដើរដោយកម្លាំងជំនោរ-លំនាចទឹកសមុទ្រ ធំបំផុតរបស់ប្រទេសនេះ ដើម្បីបង្កើនសមត្ថភាពនៃការផលិតអគ្គិសនី។
នេះគឺជាគម្រោងផលិតអគ្គិសនីប្រើថាមពលព្រះអាទិត្យ និងជំនោរ-លំនាចទឹកសមុទ្រដំបូងគេបង្អស់នៅ ប្រទេសចិន។ តាមផែនការ កសិដ្ឋានផលិតអគ្គិសនីនេះ នឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ ២០២២។ គម្រោងនេះមានទីតាំងនៅក្នុងទីក្រុង Wenling នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
គម្រោងនេះ ដំបូងឡើយត្រូវបានស្ថាបនាជារោងចក្រផលិតអគ្គិសនីដែលដើរដោយកម្លាំងជំនោរទឹក-លំនាចនៃទឹកសមុទ្រធំបំផុតរបស់ ប្រទេសចិន ប៉ុន្តែ ក្រោយមក ផ្ទាំងសូឡានានាដែលមានទំហំសរុបជាង ១៣៣ ហិកតា ក៏ត្រូវបានដំឡើងបន្ថែមពីលើ ដើម្បីបង្កើនសមត្ថភាពនៃការផលិតអគ្គិសនី។
ប្រព័ន្ធដែលដើរដោយកម្លាំងជំនោរ-លំនាចទឹកសមុទ្រ និងប្រព័ន្ធស្រូបកម្ដៅព្រះអាទិត្យនឹងផលិតអគ្គិសនីស្អាតបានជាង ១០០ លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ ប្រហាក់ប្រហែលនឹងការប្រើប្រាស់ធ្យូងថ្មជាង ៣១,០០០ តោន នៅក្នុងវិស័យផលិតអគ្គិសនីដើរដោយកម្ដៅធ្យូងថ្ម ដូច្នេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន ប្រហែលជាង ៨៤,០០០ តោន ជារៀងរាល់ឆ្នាំ។