(សហរដ្ឋអាម៉េរិក)-ទម្រ ៣៩B នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ត្រូវរន្ទះបាញ់ចំជាច្រើនលើកក្នុងថ្ងៃទី ២ មេសា ប៉ុន្តែ មហារុក្កែត SLS កម្ពស់ជាង ១០០ ម៉ែត្រ នៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ។
រន្ទះបាញ់ចំនួន ៤ «គ្រាប់» បានបាញ់ត្រង់តំបន់ជុំវិញទម្រ Pad ៣៩B ជាកន្លែងដែលប្រព័ន្ធរ៉ុក្កែត SLS របស់ ណាសា នឹងត្រូវឆ្លងកាត់ការធ្វើតេស្តបញ្ចូលឥន្ធនៈសម្រាប់បេសកកម្ម Artemis ហោះទៅកាន់ឋានព្រះចន្ទនៅចុងឆ្នាំនេះ។ រ៉ុក្កែតត្រូវបានការពារផលប៉ះពាល់ពីរន្ទះ ដោយអង់តែនចំនួន ៣ និងប្រព័ន្ធខ្សែនាំរន្ទះចុះដីដែលនៅជុំវិញ។
យោងតាម ណាសា រន្ទះ ៣ គ្រាប់ដំបូងមានថាមពលខ្សោយ ប៉ុន្តែ គ្រាប់ទី ៤ ដែលបាញ់ចំអង់តែនទីមួយក្នុងប្រព័ន្ធការពារ មានថាមពលខ្លាំងជាងគេ នេះបើតាម Jeremy Parsons អនុប្រធានផ្នែកគ្រប់គ្រងប្រព័ន្ធលើដីរបស់ ណាសា។ លោក Parsons និយាយថា ប្រព័ន្ធការពាររន្ទះដំណើរការល្អ ជួយការពាររ៉ុក្កែត SLS និងយាន Orion ប្រកបដោយសុវត្ថិភាព។
ណាសា បានបន្ថែមគុណភាពនៃប្រព័ន្ធទប់ទល់រន្ទះសម្រាប់ទម្រ ៣៩B ដើម្បីការពារប្រព័ន្ធផ្នែករឹងរបស់រ៉ុក្កែត។ នៅលើកំពូលរបស់អង់តែននីមួយៗ មានបង្គោលស្រូបយករន្ទះ ធ្វើអំពីសរសៃកញ្ចក់ និងខ្សែនាំរន្ទះចុះដី។ ប្រព័ន្ធថ្មីនេះក៏បំពាក់អង្គញាណជាច្រើន ដែលជួយឱ្យគេដឹងអំពីស្ថានភាពរបស់រ៉ុក្កែត បន្ទាប់ពីត្រូវរន្ទះបាញ់ចំក្បែរនោះ។
Artemis ១ គឺជាបេសកកម្មដំបូងរបស់ SLS ក្នុងកម្មវិធី Artemis ដើម្បីនាំអ្នកអវកាសរបស់ ណាសា ឡើងទៅកាន់ឋានព្រះចន្ទក្នុងឆ្នាំ ២០៥។ Artemis ១ គឺជាជើងហោះហើរគ្មានមនុស្សបើក ដែលនឹងហោះជុំវិញព្រះចន្ទដើម្បីសាកល្បងដំណើរការរ៉ុក្កែត SLS និងយានអវកាស Orion។ ប្រព័ន្ធយាន និងរ៉ុក្កែតនេះ នឹងដឹកឧបករណ៍វិទ្យាសាស្ត្រជាច្រើន រួមទាំងមនុស្សសិប្បនិម្មិតមួយដែលមានបំពាក់អង្គញាណផងដែរ៕