លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ត្រូវបានប្រកាសជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងនោះបានបង្ហាញឱ្យឃើញថា សាកលវិទ្យាល័យរដ្ឋ និងឯកជនជាច្រើនបានផ្តល់អាហារូបករណ៍ដល់កម្រិតនិទ្ទេស C D និង E។
នៅក្នុងតារាងអាហារូបករណ៍ទាំងអស់នោះ ឃើញថា ភាគច្រើនសាកលវិទ្យាល័យឯកជន និងសាកលវិទ្យាល័យនៅតាមបណ្តាខេត្តធំៗមួយចំនួន បានផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សដែលទទួលបាននិទ្ទេស E ដែលនៅក្នុងនោះមានដូចជា សាកលវិទ្យាល័យជាស៊ីមកំចាយមារនៅខេត្តព្រៃវែង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាលាជាតិកសិកម្មកំពង់ចាម សាលាជាតិកសិកម្មព្រែកលាប វិទ្យាស្ថានជាតិសង្គមកិច្ច សាលាបច្ចេកវិទ្យាកំពង់ឈើទាល សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាកលវិទ្យាល័យឌូវី និងគ្រឹះស្ថានអប់រំជាច្រើនទៀត។
លទ្ធផលនេះបានបង្ហាញឱ្យឃើញថា អ្នកដែលទទួលបាននិទ្ទេសមិនសូវខ្ពស់ ក៏អាចមានសិទ្ធក្នុងការទទួលបានអាហារូបករណ៍ដែរ ប្រសិនបើពួកគេហ៊ានធ្វើការប្រកួតប្រជែងដើម្បីអនាគតរបស់ខ្លួន។ នាពេលនេះ សាកលវិទ្យាល័យមួយចំនួន ក៏បានចេញសេចក្តីប្រកាសដើម្បីប្រឡងអាហារូបករណ៍សម្រាប់និស្សិតចូលរៀនសម្រាប់គ្រឹះស្ថានអប់រំរបស់ខ្លួនផងដែរ ហេតុនេះអ្នកដែលមិនទទួលបាននិទ្ទេសខ្ពស់ សូមកុំអស់សង្ឃឹម ហើយចាប់ផ្តើមចូលរួមប្រកួតប្រជែងដើម្បីទទួលបានឱកាសល្អជាច្រើនសម្រាប់ជីវិត៕