Skip to content

កម្ពុ​ជាមាន​កត្តាល្អៗច្រើន ធ្វើឱ្យ​វិនិយោគិន​បរទេស​មាន​ចំណាប់អារម្មណ៍

ភ្នំពេញ –  របាយការណ៍​ចេញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ហៅ​កាត់​ថា CDC បាន​បញ្ជាក់ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពាក់កណ្ដាល​ឆ្នាំ2017 មាន​ទឹកប្រាក់​វិនិយោគ​ចំនួន​ជាង 2ពាន់​លាន​ដុល្លារ​អាមេរិក​បាន​កើនឡើង17% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016ដែលមាន​ចំនួន​ទឹកប្រាក់​ត្រឹមតែ​ជាង 1,789លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ជុំវិញ​លំហូរ​អ្នកវិនិយោគ​បរទេស​មកកាន់​កម្ពុជា​កាន់តែច្រើន​នេះ ត្រូវបាន​លោក​ឧកញ៉ា ​សៀ រិទ្ធី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ក្រុមហ៊ុន World bridge group បញ្ជាក់​ប្រាប់ថា កម្ពុជា​ជា​ប្រទេស​មាន​អំណោយផល​ទាក់ទាញ​សម្រាប់​ការវិនិយោគ ពិសេស​ការដាក់ចេញ​គោលនយោបាយ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ។

នា​ពាក់កណ្ដាល​ឆ្នាំ2017 ចិន​ត្រូវបាន​គេ​មើលឃើញថា​ជា​ប្រទេសមួយ​ដែល​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​បើ​ធៀប​ទៅនឹង​ប្រទេស​សិង្ហ​បុរី កូរ៉េ​ត្បូង ហុងកុង ចិនតៃវ៉ាន់​ជាដើម ដែលមាន​ទំហំ​ទឹកប្រាក់​ជាង1ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ដែលមាន​ទឹកប្រាក់​ត្រឹមតែ​ជាង480លាន​ដុ​លា្ល​រ​អាមេរិក​ប៉ុណ្ណោះ។ ប្រទេស​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ផ្ដោតអារម្មណ៍​ទៅលើ​ការវិនិយោគ​លើ​វិស័យ​ចំនួន4ដូចជា​ឧស្សាហកម្ម កសិកម្ម វិស័យ​សេវាកម្ម និង​ទេសចរណ៍។

ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក World bridge group បញ្ជាក់ថា មូលហេតុ​កម្ពុជា​កំពុង​ស្ថិតក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ គឺ​ដោយសារតែ​កំណើន GDP  និង​ស្ថិរភាព​នយោបាយ​ល្អ គួបផ្សំ​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​ល្អ​ផងដែរ។ លោក​ឧកញ៉ា សៀ រិទ្ធី បញ្ជាក់​ប្រាប់ថា ស្ថិរភាព​នយោបាយ​ជា​រឿង​សំខាន់ ប្រសិនបើ​ស្ថិរភាព​នយោបាយ​មិនល្អ ទោះបីជា​ប្រទេស​នោះ​មាន​គោលនយោបាយផ្សេងៗល្អ​យ៉ាងណាក៏ដោយ ឬ​ទីផ្សារ​ធំ​ប៉ុនណា​ក៏ដោយ ក៏​គេ​មិន​ទៅ​ដែរ។

គួរ​បញ្ជាក់ថា ចិន​បានធ្វើ​ការវិនិយោគ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ចំនួន 10គម្រោង​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ 310លាន​ដុល្លារ​អាមេរិក ដែល​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដល់​ទៅ 16,180នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *