Skip to content

ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ 5 សន្យា​មិន​ឡើងថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញៈ  ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន 5ក្រុមហ៊ុន​ បាន​សន្យា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថា ពួកគេ​នឹងមិន​ដំឡើងថ្លៃ​សំបុត្រ​រថយន្តក្រុង​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សប្តាហ៍​ក្រោយ​នេះឡើយ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា រដ្ឋាភិបាល​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់​មិន​ត្រូវ​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ​ឡើយ ព្រោះ​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​ជួបជុំ​គ្រួសារ និង​សាច់ញាតិ​បងប្អូន។ លោក​បន្តថា សម្រាប់​ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ខាងលើនេះ ប្រសិនបើ​មាន​ក្រុមហ៊ុន​ណា​បាន​ប្តេជ្ញា​ថា​មិន​ឡើងថ្លៃ​ហើយ តែ​ដល់​ថ្ងៃនោះ​បែ​ជា​អនុវត្ត​ផ្ទុយ​ពី​ការប្ដេជ្ញា​វិញ​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​បន្ទាន់​មក ក្រសួង​តាមរយៈ​បណ្តាញ​សង្គម​ក៏បាន ឬ​ដោយផ្ទាល់​នៅ​ក្រសួង​ក៏បាន។ ឯកឧត្តម បាន​បញ្ជាក់ថា ៖

«កាលពី​ថ្ងៃ​ម្សិលមិញ មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន 5ក្នុងចំណោម 7ក្រុមហ៊ុន​បាន​ចូលរួម​កិច្ចប្រជុំ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន​ប្តេជ្ញា​ថា នឹងមិន​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ​ឡើយ»។

ជា​រៀងរាល់ឆ្នាំ មុនពេល​ដល់​រដូវ​បុណ្យទានសំខាន់ៗរដ្ឋាភិបាល​កម្ពុជា​តែង​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ក៏ដូចជា​រថយន្តឈ្នួល (តាក់ស៊ី) ទាំងអស់ មិនត្រូវ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទេ ប៉ុន្តែ​ការអំពាវនាវ​ទាំងនេះ​ហាក់​មិនមាន​ប្រសិទ្ធភាព​ទាល់តែសោះ(សូមបញ្ជាក់ថា ទាល់តែសោះ!) ដែល​អ្នកជំនាញ​មួយចំនួន​លើកឡើងថា ដើម្បីឱ្យ​ការអំពាវនាវ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព វា​ទាមទារ​ឲ្យ​សាមីក្រសួង​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។

ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការដំឡើង​តម្លៃ​សំបុត្រ និង​សេវាកម្ម​ម្ហូបអាហារ​នានា​ក្នុងឱកាស​បុណ្យទាន​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​មានការ​ព្រមាន និង​ចាត់វិធានការ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *