តម្លៃប្រេង WTI និង Brent ដាំក្បាលចុះត្រង់នៅក្នុងពេលចាប់ផ្ដើមការជួញដូរ ដោយសារតែ សហរដ្ឋអាម៉េរិក ពិចារណាអំពីការបញ្ចេញប្រេងពីឃ្លាំង ដើម្បីដោះស្រាយបញ្ហាអតិផរណា និងកង្វះប្រភពផ្គត់ផ្គង់ប្រេង។
ប្រេងឆៅអាម៉េរិក WTI ព្រឹកនេះ មានពេលខ្លះធ្លាក់ថ្លៃ ៥.៥% ចុះមកនៅត្រឹម ១០២.២ ដុល្លារ/ធុង។ តម្លៃប្រេង Brent ក៏ដាំក្បាលចុះដូចគ្នានេះ មកនៅត្រឹម ១០៨.៣ ដុល្លារ/ធុង។ បច្ចុប្បន្ន ប្រេងទាំងពីប្រភេទនេះ កំពុងត្រូវបានជួញដូរក្នុងរង្វង់តម្លៃពី ១០៣ ដល់ ១០៩ ដុល្លារ/ធុង។
មូលហេតុដែលនាំឱ្យតម្លៃប្រេងដាំក្បាលចុះនេះគឺ ព្រោះតែព័ត៌មាន និងសញ្ញានានាបង្ហាញថា រដ្ឋាភិបាលរបស់ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កំពុងពិចារណាអំពីការបញ្ចេញប្រេងយ៉ាងច្រើន ក្នុងគោលដៅដោះស្រាយបញ្ហាអតិផរណា និងកង្វះប្រភពផ្គត់ផ្គង់ប្រេងនៅប្រទេសនេះ ដែលកើតឡើងដោយសារសង្គ្រាមនៅ អ៊ុយក្រែន។
Bloomberg ដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាម៉េរិក ឱ្យដឹងថា អាជ្ញាធរកំពុងពិចារណាក្នុងការបញ្ចេញប្រេងប្រហែល ១ លានធុង/ថ្ងៃ ក្នុងរយៈពេលច្រើនខែ។ ប្រភពព័ត៌មានខាងលើបញ្ជាក់ថា អាម៉េរិក អាចបញ្ចេញប្រេងរហូតដល់ ១៨០ លានធុង ពីឃ្លាំងរបស់ខ្លួន។