មាសនៅទីផ្សារក្នុង ទ្វីបអាស៊ី ឡើងថ្លៃក្នុងការជួញដូរនាល្ងាចថ្ងៃទី ៣០ មីនា ២០២២ ដោយសារប្រាក់ដុល្លារអាម៉េរិក និងការប្រាក់នៃមូលបត្របំណុលរបស់ រដ្ឋាភិបាលអាម៉េរិក ត្រូវថយចុះ។
បើទោះជាកិច្ចចរចរសន្តិភាពរវាង រុស្ស៊ី និង អ៊ុយក្រែន បង្ហាញអំពីសញ្ញាវិជ្ជមាន នាំឱ្យភាពទាក់ទាញរបស់មាសត្រូវថយចុះ ប៉ុន្តែ មាសនៅតែអាចឡើងថ្លៃបាន។
ល្ងាចនេះ តម្លៃមាសប្រគល់ភ្លាម កើន ០.៣% ឡើងដល់ ១,៩២៥.៧៥ ដុល្លារ/អោន (១ អោន/ounce ស្មើនឹងជិត ៨.៣ ជី) បន្ទាប់ពីបានធ្លាក់ថ្លៃមកទាបបំផុតរាប់ចាប់ពីថ្ងៃទី ២៨ កុម្ភៈ ដោយសារមានក្ដីសង្ឃឹមថា កិច្ចចរចររវាង រុស្ស៊ី និង អ៊ុយក្រែន នឹងជួយបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ ចំណែកតម្លៃមាសប្រគល់តាមកាលកំណត់ក៏បានឡើងថ្លៃ ០.៦% ពោលគឺ ១,៩៣០.១០ ដុល្លារ/អោន។
Matt Simpson ដែលជាអ្នកជំនាញជាន់ខ្ពស់របស់ City Index ថ្លែងថា «ប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ បានជួយដល់តម្លៃរបស់មាស។ រីឯតម្លៃមូលបត្របំណុលកើនឡើងកាលពីថ្ងៃទី ២៩ មីនា បានទាញការប្រាក់នៃមូលបត្របំណុលរបស់ រដ្ឋាភិបាលអាម៉េរិក ចុះមកនៅទាប។
សន្ទស្សន៍នៃប្រាក់ដុល្លារអាម៉េរិក ឈរនៅក្បែរកម្រិតទាបបំផុតក្នុងអំឡុងជាង ១ សប្ដាហ៍ កាលពីថ្ងៃជួញដូរមុននេះ ធ្វើឱ្យមាសធ្លាក់ថ្លៃបន្តិច ចំពោះអ្នកទិញដែលទូទាត់ដោយរូបិយវត្ថុបរទេស។
ការប្រាក់លើមូលបត្របំណុលដែលមានកាលកំណត់ ១០ ឆ្នាំ របស់ អាម៉េរិក ក៏ធ្លាក់ថ្លៃពីចំណុចខ្ពស់បំផុតក្នុងអំឡុងជិត ៣ ឆ្នាំមកនេះ នាំឱ្យការចំណាយទៅលើឱកាសនៃការក្ដោបក្ដាប់មាសដែលជាទ្រព្យមិនមានការប្រាក់ ត្រូវធ្លាក់ថ្លៃផងដែរ៕