ថ្មីៗនេះ សេតវិមាន បង្ហោះសារនៅបណ្ដាញសង្គមថា ការដែល VinFast សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ៤ ពាន់លានដុល្លារ នៅ សហរដ្ឋអាម៉េរិក រួមនឹងការប្រឹងប្រែងរបស់ Ford, GM និង Siemens ជាដើម នៅប្រទេសនេះ បង្ហាញថា រដ្ឋាភិបាលរបស់ លោក បៃដិន កំពុងកសាងសេដ្ឋកិច្ចថាមពលស្អាត ស្ដារឡើងវិញនូវបណ្ដាញផ្គត់ផ្គង់នៅ សហរដ្ឋអាម៉េរិក និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋអាម៉េរិក។
ព័ត៌មានខាងលើត្រូវបានកាសែតរបស់ វៀតណាម លើកយកមកអះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណា VinFast ទទួលបានការរំលឹកឈ្មោះពីសំណាក់ប្រធានាធិបតីអាម៉េរិក ខណៈដែល Tesla មិនធ្លាប់ទទួលបានប្រការនេះ ដែលនេះគឺជាប្រការដែល VinFast មាន ហើយ Tesla មិនមាន។
ម្យ៉ាងទៀត កន្លងមក រវាងសេតវិមាន ក៏ដូចជាលោក បៃដិន និងលោក Elon Musk ដែលជា CEO របស់ Tesla ហាក់មានទំនាក់ទំនងមិនល្អនឹងគ្នា ព្រោះថា មហាសេដ្ឋី Elon Musk ពុំធ្លាប់ទទួលបានការអញ្ជើញឱ្យចូលជួបប្រធានាធិបតី បៃដិន ម្ដងណាឡើយ នៅ សេតវិមាន បើទោះជាលោក Musk គឺជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់លេខ ១ ក្នុងពិភពលោក។
ប្រភពព័ត៌មានដែលគួរទុកចិត្តបាន និយាយថា ទីប្រឹក្សាជាច្រើនរូបរបស់លោក បៃដិន បដិសេធការអញ្ជើញមហាសេដ្ឋី Elon Musk ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នានានៅ សេតវិមាន នាពេលអនាគត ព្រោះបារម្ភថា មហាសេដ្ឋីដែលចូលចិត្តនិយាយត្រង់ និងមិនសំច័យមាត់នេះ អាចលើកឡើងនូវបញ្ហាមួយចំនួនដែលធ្វើឱ្យ ប្រធានាធិបតីអាម៉េរិក ឬរដ្ឋាភិបាល មានការទើសទាល់។
សាររបស់ ប្រធានាធិបតី បៃដិន ដែលបានបង្ហោះលើបណ្ដាញសង្គម មានខ្លឹមសារថា «ថ្ងៃនេះ VinFast ប្រកាសថានឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងថ្ម នៅ North Carolina (រោងចក្រតម្លៃ ៤ ពាន់លានដុល្លារអាម៉េរិក) បង្កើតការងារចំនួន ៧,០០០ កន្លែង។ នោះគឺជាឧទាហរណ៍ថ្មីបំផុតស្ដីពីយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់យើង ដែលបានបង្ហាញប្រសិទ្ធភាព»៕