Skip to content

លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ជិត 90%

ភ្នំពេញ៖ កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេសមួយ​ស្ថិតនៅក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​បរទេស​ដែលមាន​សក្តានុពល​ទៅលើ​ការវិនិយោគ​លើ​គ្រប់​វិស័យ ជាក់ស្តែង​នៅក្នុង​ឆមាស​ទី1 ដើមឆ្នាំ2017នេះ លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ប្រមាណ​ជា​ជិត90%ឯណោះ។

ក្នុងជំនួប​ផ្លូវការ​ជាមួយ​លោក Mathew Fox នាយក​ប្រតិបត្តិ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពី​ម្សិលមិញ​នេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ដោយសារ​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ និង​សុខសន្តិភាព​ពេញលេញ​ដែលជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជំរុញឱ្យ​កម្ពុជា​សម្រេចបាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​នា​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។

នៅ​ឆ្នាំ2017នេះ កម្ពុជា​រំពឹងថា នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​អត្រា 7% ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​សមស្រប​ត្រឹម 2.3%។ ឯកឧត្តម​មានប្រសាសន៍​ថា «ក្នុង​ឆមាស​ទី1 ឆ្នាំ2017នេះ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ប្រមាណ 89% ខណៈ​ឥណទាន​មាន​កំណើន​សមស្រប​ប្រមាណ 16%។ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដែល​វាស់​ដោយ​អត្រា​ប្រជាជន​ពេញវ័យ​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ធៀប​នឹង​ប្រជាជន​ពេញវ័យ​សរុប​បាន​កើន​ដល់​អត្រា​ប្រមាណ 55%»។

ក្រោម​ជំនួយ​បច្ចេកទេស​របស់ ADB កាលពី​ខែមិថុនា ឆ្នាំ2017កន្លងទៅ​រាជរដ្ឋាភិបាល​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ2016-2025។ ផ្អែក​តាម​ផែនការ​សកម្មភាព​ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេចបាន​ការងា​រ​ជាច្រើន​ដូចជា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនឿ​ទុកចិត្ត និង​អន្តរ​ការិយកម្ម​ហិរញ្ញវត្ថុ​ការរក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ ការជំរុញ​អភិបាលកិច្ច​ល្អ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព និង​មុខងារ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

លទ្ធផល​ទទួល​បានជា​ផ្លែផ្កា​នេះ ក៏មាន​ការរួមចំណែក​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដែល​តែងតែ​ចូលរួម​គាំទ្រ និង​ផ្តល់ជំនួយ​បច្ចេកទេស​មក​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ការកសាង​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​បុគ្គលិក​តាមរយៈ​អាហារូបករណ៍​កិច្ចប្រជុំ សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​នានា​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​សមាហរណកម្ម​សេវា​ហិរញ្ញវត្ថុ​អាស៊ាន។

ក្នុងឱកាស​នោះដែរ​លោក Mathew Fox នាយក​ប្រតិបត្តិ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​ADB បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់។  លោក​ថា «ADB ប្តេជ្ញា​បន្ត​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព»

Leave a Reply

Your email address will not be published. Required fields are marked *