(ជប៉ុន)- EVAL-០៣ មានសមត្ថភាពធ្វើត្រាប់តាមគ្រប់កាយវិការដែលមនុស្សបានធ្វើនៅចំពោះមុខវា ទៅតាមពេលវេលាជាក់ស្ដែង ព្រមទាំងរក្សាលំនឹងបានយ៉ាងល្អ។
រ៉ូបូត EVAL-០៣ អាចធ្វើត្រាប់តាមសកម្មភាពរបស់មនុស្សគឺដោយសារមានកាមេរ៉ាដែលផ្ដិតយករូបភាពទៅតាមពេលវេលាជាក់ស្ដែង ដែលនេះបង្ហាញថា បច្ចេកវិទ្យារ៉ូបូត បានរីកចម្រើនខ្លាំងនៅក្នុងការបញ្ចេញកាយវិការ។
ការរាំរែកគឺជាសកម្មភាពដែលពិបាកក្នុងការធ្វើត្រាប់តាមឱ្យបានល្អ ព្រោះថា ចលនាស្មុគស្មាញសុទ្ធតែត្រូវកើតឡើងប្រកបដោយភាពស៊ីចង្វាក់។
រ៉ូបូតរាងមនុស្ស EVAL-០៣ មានកម្ពស់ជាង ៣០ ស.ម និងមានសន្លាក់ចំនួន ២៦ កន្លែង ព្រមទាំងមានបំពាក់អង្គញាណដែលអាចកំណត់ចំណុចកណ្ដាលនៃទម្ងន់នៅត្រង់បាតជើង។ វាអាចរក្សាលំនឹងបានយ៉ាងល្អ នៅពេលកំពុងធ្វើត្រាប់តាមកាវិការរបស់មនុស្ស។
EVAL-០៣ ត្រូវបានក្រុមហ៊ុន Sony Interactive Entertainment ដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍មួយនៅ រាជធានីតូក្យូ នៃ ប្រទេសជប៉ុន។ ព្រឹត្តិការណ៍តាំងពិព័រណ៍ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៨ មីនា កន្លងទៅ មានរ៉ូបូតចំនួន ១៣០ គ្រឿងបានចូលរួម ក្នុងនោះមានប្រភេទផ្សេងៗគ្នារហូតដល់ ៩០ ឯណោះ។