រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ មីនា ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះដំណើរឆ្លងកាត់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី ៣១ ខែមីនា ដើម្បីរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធនេះ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ និងទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC)។ គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៣០ខែ និងចំណាយថវិកា ប្រមាណ ២២ លានដុល្លារអាម៉េរិក។
គម្រោងខាងលើនេះ នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព នៃ ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោយពីដាក់ឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានច្រើនថ្ងៃកន្លង។