ចាប់ផ្ដើមការជួញដូរក្នុងសប្ដាហ៍ថ្មី តម្លៃប្រេង Brent ធ្លាក់ថ្លៃ ៣.៥ ដុល្លារ មកនៅត្រឹម ១២០ ដុល្លារ/ធុងបារ៉ែល ខណៈប្រេង WTI ក៏កំពុងធ្លាក់ថ្លៃផងដែរ។
យោងតាមទំព័រ Oilprice នៅព្រឹកថ្ងៃទី ២៨ មីនា តម្លៃប្រេងឆៅ WTI របស់ អាម៉េរិក ប្រភេទប្រគល់ក្នុងខែមេសា ត្រូវបានជួញដូរក្នុងតម្លៃ ១១១ ដុល្លារអាម៉េរិក/ធុង ថយចុះ ២.២៨ ដុល្លារ ដែលស្មើនឹង ២.៥០% ធៀបនឹងម្សិលមិញ។ ចំណែកប្រេងឆៅ Brent ប្រគល់ក្នុងខែឧសភា មានតម្លៃ ១១៧.២ ដុល្លារ/ធុង ថយចុះ ២.៨៧% ស្មើនឹង ៣.៤៦ ដុល្លារ។
តម្លៃប្រេងធ្លាក់ថ្លៃនៅដើមសប្ដាហ៍ បើទោះជាមានការបារម្ភអំពីកង្វះប្រភពផ្គត់ផ្គង់ ដែលកើតឡើងដោយសារបញ្ហាមួយចំនួន ដូចជា បំពង់បង្ហូរប្រេងនៅ កាហ្សាក់ស្ថាន ត្រូវខូចខាតដោយសារព្យុះ, រោងចក្រចម្រាញ់ប្រេង និងឃ្លាំងដាក់ប្រេងរបស់ក្រុមហ៊ុនខ្នាតយក្ស Aramco រងការវាយប្រហារ និង អ្នកទិញនៅតែបែរខ្នងដាក់ប្រេងរបស់ រុស្ស៊ី។ល។
មូលហេតុនៃការធ្លាក់ថ្លៃនេះ អាចបណ្ដាលមកពីប្រភពព័ត៌មានដែលនិយាយថា សហរដ្ឋអាម៉េរិក កំពុងពិនិត្យលើការបញ្ចេញប្រេងបន្ថែម (ជាង ៣០ លានធុង) ពីឃ្លាំងយុទ្ធសាស្ត្រ និងក្រុមអ្នកជួញដូរកំពុងចាប់ផ្ដើមកំណត់តម្លៃលើកិច្ចព្រមព្រៀងនុយក្លេអែរ មួយ ដែលមានសក្ដានុពល រវាង អាម៉េរិក និង អ៊ីរ៉ង់ ដែលអាចរំដោះប្រភពផ្គត់ផ្គង់ប្រេងនានា៕