Skip to content

វិស័យ​ឯកជន​គួរ​សហការ​ជាមួយ​រដ្ឋ​ដើម្បី​អនុវត្ត​ចង្វាក់​ផលិតកម្ម​ខ្លួន​ឱ្យមាន​ស្ថេរភាព

ភ្នំពេញ៖ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ជាមួយ​តំណាង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត រួមមាន​តំណាង​ស្ថានទូត​អាល្លឺម៉ង់ ADB និង UNIDO បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​សហការគ្នារ​វាង​រដ្ឋ និង​វិស័យ​ឯកជន​ដើម្បី​អនុវត្ត​គម្រោង​អាទិភាព​នានា​ទាក់ទង​វិស័យ ឧស្សាហកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅ​កម្ពុជា។

នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​ម្សិលមិញ​នេះ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) របស់​អង្គការសហប្រជាជាតិ​ដល់​ឆ្នាំ 2030 ដែល​ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ឱ្យបាន​សម្រេច​តាម​គោលដៅ​ដែល​បានកំណត់។ លោកស្រី​បញ្ជាក់ថា «គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម (IDP)ដែលជា​ត្រីវិស័យ​ដ៏​សំខាន់​ក្នុងការ​តម្រង់ទិស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព»

ពាក់ព័ន្ធ​ករណីនេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក​ដៃគូ​អភិវឌ្ឍន៍​មាន​សារៈសំខាន់​សម្រាប់​រួមចំណែក​ការអភិវឌ្ឍ​នៅ​កម្ពុជា។ ជាពិសេស នៅពេលថ្មីៗនេះ​កម្ពុជា​ត្រូវបាន​អង្គការ UNIDO ជ្រើសរើស​ជា​ប្រទេស​ចូលក្នុង​សមាជិក​អនុវត្ត​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស(PCP) ដែល​កម្មវិធី​នេះ​ឆ្លើយតប​ជា​វិជ្ជមាន​ទៅលើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ពី​ឆ្នាំ 2015-2025 ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​មាន​ក្រុមការងារ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​តាម​វិស័យនីមួយៗដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ជាមួយ​វិស័យ​ឯកជន។ ក៏ប៉ុន្តែ​ក្រុមការងារ​មិនមាន​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ទេ ចំណុច​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានផ្តល់​សារៈសំខាន់​ទៅលើ​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​ដូច្នេះ​ថា «ការប្រមូលផ្តុំ​ឧស្សាហកម្ម ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​នៅរ​ប៉ាត់ រប៉ាយ​ឱ្យចូល​ក្រោម​ច្បាប់ តាមរយៈ​សមាគម សម្ព័ន្ធ ឬ​សហព័ន្ធ ជាការ​ចាំបាច់​ដើម្បី​ពង្រឹង​វិស័យនេះ ដែល​បាន​ដើរតួ​សំខាន់​ក្នុង​សរសៃឈាម​សេដ្ឋកិច្ចជាតិ»

ជា​ចុងក្រោយ ដៃគូ​សន្ទនា​បាន​ឯកភាព​បង្កើត​នូវ​ចំណុច​ទំនាក់ទំនង (FocusPoint) រវាង​ក្រសួង​និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ឯកសារ​គ្នា​ទៅវិញទៅមក​ក្នុង​គោលដៅ​ជំរុញ​ប្រសិទ្ធភាព និង​ជោគជ័យ​លើ​ការងារ​អនុវត្ត​គម្រោង៕

Leave a Reply

Your email address will not be published. Required fields are marked *