ក្នុងយុគសម័យដែលអ្នកណាៗក៏ភ្ញាក់រឭករឿងការហាត់ប្រាណដែរនោះ ឪពុកម្តាយក៏ត្រូវការឱ្យកូនលេងកីឡាដែរ តែពេលខ្លះវាជារឿងពិបាកខ្លាំងណាស់ក្នុងការជំរុញឱ្យក្មេងៗងាកខ្សែភ្នែកចេញពីអេក្រង់ទូរទស្សន៍ ឬហ្គេម ហើយបែរទៅមើលអ្វីផ្សេងនោះ ដូច្នេះទោះជាឪពុកម្តាយដឹងច្បាស់ពីគុណប្រយោជន៍របស់កីឡាក៏ដោយ តែក៏មិនអាចធ្វើបានដូចចិត្តដែរ ដោយសារតែកូនៗរឹងទទឹងចំពោះបំណងល្អរបស់ឪពុកម្តាយ។
ឧទាហរណ៍ដែលយើងមើលឃើញច្បាស់ញឹកញាប់នោះគឺ ក្មេងស្រែកយំមិនព្រមរៀនហែលទឹក ឬឈ្លោះជាមួយប៉ាម៉ាក់ពេលត្រូវបង្ខំឱ្យហាត់ប្រាណជាដើម។ បើអ្នកមានបញ្ហាដូចដែលបានរៀបរាប់ក្នុងសេចក្តីផ្តើមខាងលើនោះ សូមសាកល្បងធ្វើតាមពាក្យណែនាំដូចតទៅ ៖
1/ ធ្វើខ្លួនជាគំរូដ៏ល្អ៖ ក្មេងនឹងប្រតិបត្តិតាមគំរូឪពុកម្តាយច្រើនជាងពាក្យជំរុញបង្ខំ ឬអង្វរ ដូច្នេះបើចង់ឱ្យកូនហាត់ប្រាណអ្នកគួរធ្វើជាអ្នកប្រតិបត្តិឱ្យកូនបានឃើញជាមុនសិន។
2/ ហាត់ប្រាណបែបសប្បាយ៖ ការហាត់ប្រាណគួរតែជារឿងសប្បាយរីករាយ មិនថាតែការហាត់ប្រាណលើកដៃលើកជើងធម្មតា ហាត់ហែលទឹក ឬរត់ក៏ដោយ កុំឱ្យមានការបង្ខំចិត្ត ឬធ្វើឱ្យក្លាយជារឿងដែលគួរឱ្យធុញទ្រាន់ឱ្យសោះ។
3/ ផ្តល់រង្វាន់៖ ប្រើការជំរុញដោយរង្វាន់ដ៏សមរម្យដែលពាក់ព៏ន្ធនឹងកិច្ចការងារកីឡា ដូចជា ទិញខោកីឡាថ្មីឱ្យសម្រាប់រត់ ឬអាវបាល់ទាត់ពិភពលោកឱ្យជារង្វាន់នៅពេលកូនធ្វើបានតាមគោលដៅ។
4/ ត្រូវចេះអត់ធ្មត់៖ កុំទៅតូចចិត្តតូចថ្លើមអី បើកូនមិនចាប់អារម្មណ៍ ឬសម្តែងអាការធុញទ្រាន់ចំពោះ “របស់ល្អ” ដែលយើងព្យាយាមប្រគល់ឱ្យ ព្រោះយ៉ាងណាក្មេងនៅតែជាក្មេងហ្នឹងឯង ទើបជារឿងដែលយើងត្រូវប្រើក្តីអត់ធន់ក្នុងការបណ្តុះនិស្ស័យស្រឡាញ់ការហាត់ប្រាណដល់គេ។
5/ ហាត់ប្រាណរួមគ្នា៖ ហាត់ប្រាណរួមគ្នាទាំងគ្រួសារ ដែលមានផលល្អក្នុងការជួយរឹតចំណងសម្ពន្ធភាពក្នុងក្រុមគ្រួសារ និងជួយកាត់បន្ថយចន្លោះរវាងវ័យបានទៀតផង។
6/ ហាត់ប្រាណមិនមែនការយកចាញ់ឈ្នះគ្នា៖ កុំទៅសង្កត់ធ្ងន់លើរឿងការប្រកួតយកចាញ់ឈ្នះ ព្រោះក្មេងម្នាក់ៗមានសមត្ថភាពខាងកីឡា ខុសប្លែកពីគ្នា តែគ្រប់គ្នាគួរបានទទួលការបំផុសឱ្យហាត់ប្រាណ ទោះជារត់មកដល់ទីមុនគេ ឬទីម្ភៃក៏ដោយ។
7/ រៀបចំផែនការរយៈពេលវែង៖ មិនមែនលោកអ្នកត្រូវការត្រឹមតែចង់អួតអ្នកដទៃថា មានកូនប្រុសអាយុ10ឆ្នាំជាអ្នកកីឡារត់ប្រណាំងនោះទេ តែគួររៀបផែនការឱ្យគេចាប់អារម្មណ៍ចេះថែរក្សាសុខភាព និងភាពរឹងប៉ឹងរបស់រាងកាយអស់មួយជីវិត។
8/ កុំប្រៀបធៀបកូនជាមួយក្មេងដទៃ៖ ឈប់ប្រៀបធៀបកូនរបស់អ្នកជាមួយក្មេងដទៃទៀត ព្រោះវាមានតែធ្វើឱ្យគេអន់ចិត្តលែងចង់ធ្វើអ្វីទាំងអស់។
ឡារ៉ែន ជឿថា ពាក្យណែនាំទាំង 8ចំណុចខាងលើនេះប្រហែលជាអាចជួយឪពុកម្តាយ ឬអាណាព្យាបាលក្នុងការបណ្តុះទម្លាប់និស្ស័យដល់កូនក្មួយបានខ្លះមិនខាន៕