ក្រសួងហិរញ្ញវត្ថុអាម៉េរិក ប្រកាសហាមការជួញដូរមាសជាមួយ រុស្ស៊ី ដែលនេះគឺជាលើកដំបូងហើយដែលទណ្ឌកម្មត្រូវបានសំពងលើឃ្លាំងមាស ២,៣០០ តោន តម្លៃ ១៤០ ពាន់លានដុល្លាររបស់ប្រទេសនេះ។
ក្រសួងហិរញ្ញវត្ថុអាម៉េរិក កាលពីថ្ងៃទី ២៤ មីនា បានប្រកាសថា «ពលរដ្ឋអាម៉េរិក ត្រូវបានហាមការចូលរួមជំនួញនានា ក្នុងនោះមានទាំងការជួញដូរមាស ទាក់ទងនឹង ធនាគារជាតិរុស្ស៊ី, មូលនិធិហិរញ្ញវត្ថុជាតិរុស្ស៊ី ឬ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី»។
ការហាមឃាត់នេះត្រូវបានអនុវត្តទៅតាមបទបញ្ជាដោយយោងទៅតាមច្បាប់អាម៉េរិក របស់ ប្រធានាធិបតី ចូ បៃដិន នេះបើតាម ក្រសួងហិរញ្ញវត្ថុអាម៉េរិក។ ប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាម៉េរិក បានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មី សំដៅលើក្រុមហ៊ុនការពារជាតិរបស់រដ្ឋចំនួន ៤៨, តំណាងរាស្ត្រចំនួន ៣២៨ រូប រួមនឹងក្រុមអ្នកមានទ្រព្យ និងអ្នកមានអំណាចរបស់ រុស្ស៊ី រាប់សិបនាក់ផ្សេងទៀត។
រុស្ស៊ី បានចំណាយពេលច្រើនឆ្នាំក្នុងការកសាងឃ្លាំងមាសធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក ដោយមានមាសសរុបប្រហែល ២,៣០០ តោន និងមានតម្លៃរហូតដល់ ១៤០ ពាន់លានដុល្លារអាម៉េរិក។
អាម៉េរិក និងសម្ព័ន្ធមិត្ត យកឃ្លាំងមាសរបស់ រុស្ស៊ី ជាគោលដៅសម្រាប់ការដាក់ទណ្ឌកម្មនេះ ក៏ព្រោះតែការលក់មាសរបស់ រុស្ស៊ី អាចជួយដំឡើងថ្លៃរូបិយវត្ថុក្នុងស្រុក ដែលបច្ចុប្បន្ន តម្លៃប្រាក់រូប្លរុស្ស៊ី កំពុងធ្លាក់ថ្លៃយ៉ាងជ្រៅ ក្រោយការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពីសំណាក់បស្ចិមលោក ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន៕