តម្លៃប្រេង បានថយចុះ ២% បន្ទាប់ពី សហភាពអឺរ៉ុប (EU) មិនយល់ស្របគ្នាក្នុងផែនការដាក់បម្រាមលើការនាំចូលប្រេងពី ប្រទេសរុស្ស៊ី ខណៈសកម្មភាពនាំចូលប្រេងពីបំពង់បង្ហូរប្រេង Caspian Pipeline Consortium (CPC) នៅ កាហ្សាក់ស្ថាន អាចត្រូវបានអនុញ្ញាតឱ្យធ្វើបន្ត។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ២៤ មីនា ប្រេងឆៅ Brent ធ្លាក់ថ្លៃ ២.៥៧ ដុល្លារ ប្រហែល ២.១% ចុះមកនៅត្រឹម ១១៩.០៣ ដុល្លារ/ធុង ចំណែកតម្លៃប្រេងឆៅ WTI ក៏ ថយចុះ ២.៥៩ ដុល្លារ ប្រហែល ២.៣% ចុះមកនៅត្រឹម ១១២.៣៤ ដុល្លារ/ធុង។ ក្នុងការជួញដូរមួយថ្ងៃមុននោះ ប្រេងទាំងពីរប្រភេទនេះ សុទ្ធតែឡើងថ្លៃខ្ពស់បំផុត រាប់ចាប់ពីថ្ងៃទី ៨ មីនា ២០២២។
ក្រុមមេដឹកនាំ EU នឹងចាប់ផ្ដើមបើកកិច្ចប្រជុំកំពូល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ មីនា ដើម្បីរកវិធីកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងពី រុស្ស៊ី។ ប៉ុន្តែ បណ្ដាប្រទេសនៅ សហភាពអឺរ៉ុប នៅតែខ្វែងគំនិតគ្នា ទាក់ទិននឹងការសម្រេចថា គួរដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់ រុស្ស៊ី ដែរ ឬអត់ បន្ទាប់ពី កងទ័ពប្រទេសនេះ បានចូលឈ្លានពានលើ ប្រទេសអ៊ុយក្រែន តាំងពីថ្ងៃទី ២៤ កុម្ភៈ រហូតដល់បច្ចុប្បន្ន៕