អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលមានតម្លៃ ៨ លានដុល្លារអាម៉េរិក នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះបើតាម មន្ត្រីរដ្ឋាភិបាល។
សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) បានផ្ដល់ជំនួយឥតសំណង សម្រាប់ការសាងសង់អគារដែលមានតម្លៃ ៨ លានដុល្លារអាម៉េរិក នេះ។ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ ២០២០។
ក្រោយការដាក់ឱ្យប្រើប្រាស់ផ្លូវការ អគារព្យាបាលនេះត្រូវបានគេរំពឹងថា នឹងផ្ដល់សេវាកម្មទាក់ទងនឹងការវះកាត់ ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ប្រកបដោយគុណភាពខ្ពស់ ដោយត្រូវបានបំពាក់បរិក្ខាទំនើបបំផុត រួមនឹងសមត្ថភាពរបស់ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិក ដែលត្រូវបានបណ្តុះបណ្តាល និង ការផ្ទេរជំនាញ ឯកទេសពីវេជ្ជបណ្ឌិត ជនជាតិកូរ៉េ។
អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ មានទីតាំងនៅក្នុងបរិវេណនៃ មន្ទីរពេទ្យព្រះអង្គដួង ស្ថិតក្នុងសង្កាត់ផ្សារថ្មី ១, ខណ្ឌដូងពេញ, រាជធានីភ្នំពេញ តាមបណ្ដោយវិថីព្រះនរោត្តម និងក្បែររង្វង់មូលវត្តភ្នំ៕