អាជ្ញាធររុស្ស៊ី កំពុងពិនិត្យលទ្ធភាពលក់ប្រេង និងឧស្ម័ន ដែលទូទាត់ដោយប្រាក់ឌីជីថល Bitcoin នៅចំពោះមុខសម្ពាធពីការដាក់ទណ្ឌកម្មរបស់បស្ចិមលោក។
CNBC បានឱ្យដឹងថា រុស្ស៊ី អាចទទួលយកការទូទាត់ដោយរូបិយវត្ថុឌីជីថល Bitcoin ចំពោះអតិថិជនដែលបញ្ជាទិញប្រេង និងឧស្ម័នពីរុស្ស៊ី ក្នុងគ្រាដែលបណ្ដាប្រទេសលោកខាងលិច រឹតបន្តឹងវិធានការដាក់ទណ្ឌកម្ម ទាក់ទិននឹងការឈ្លានរបស់ប្រទេសនេះ នៅ អ៊ុយក្រែន។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៤ មីនា ប្រធានគណៈកម្មការថាមពល នៃ សភាជាតិរុស្ស៊ី Pavel Zavalny យល់ថា សម្រាប់បណ្ដាប្រទេស «ជិតស្និទ្ធ» ដូចជា ចិន ឬ តួកគី ជាដើម រុស្ស៊ី នឹងមានការបត់បែនជាង នៅក្នុងការជ្រើសរើសវិធីទូទាត់។
លោក Pavel Zavalny បានថ្លែងថា រូបិយវត្ថុក្នុងស្រុករបស់ភាគីអ្នកទិញ ក៏ដូចជា Bitcoin កំពុងត្រូវបានពិចារណាយកមកទូទាត់ជំនួស សម្រាប់ការនាំចេញប្រេងរបស់ រុស្ស៊ី។
«តាំងពីយូរមកហើយ ខ្ញុំបានស្នើទៅកាន់ ចិន ស្ដីពីការងាកមកធ្វើការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុក គឺប្រាក់រូបរុស្ស៊ី និងប្រាក់យ៉ុនចិន។ សម្រាប់ ប្រទេសតួកគី វានឹងជាប្រាក់លីរ៉ាតួកគី និងប្រាក់រូបរុស្ស៊ី» លោក Zavalny បញ្ជាក់។ ក៏ប៉ុន្តែ រុស្ស៊ី នឹងមិនឈប់ត្រឹមនេះទេ «អ្នកក៏អាចជួញដូរដោយប្រើប្រាក់ Bitcoin» ផងដែរ។
ការថ្លែងរបស់លោក Zavalny ត្រូវបានលើកឡើងបន្ទាប់ពីប្រធានាធិបតី ពូទីន កាលពីថ្ងៃទី ២៤ មីនា បានប្រកាសតម្រូវឱ្យបណ្ដាប្រទេសដែល «មិនជិតស្និទ្ធ» ទូទាត់ដោយប្រើប្រាស់រូបិយវត្ថុ រូបរុស្ស៊ី នៅពេលទិញឧស្ម័នពីប្រទេសនេះ៕