សហរដ្ឋអាម៉េរិក បានធ្វើការពិនិត្យលើទំនិញជាង ៥០០ មុខ ហើយមកដល់ថ្ងៃពុធម្សិលមិញ តំណាងការិយាល័យពាណិជ្ជកម្មអាម៉េរិក ប្រកាសថា ពួកគេសម្រេចមិនយកពន្ធលើទំនិញចំនួន ៣៥២ មុខ ពី ប្រទេសចិន។
យោងតាម Reuters ប្រភេទទំនិញដែលត្រូវបានលើកលែងពន្ធ រួមមានទាំងផលិតជាគ្រឿងបន្លាស់កង់ រថយន្តអគ្គិសនី ម៉ាស៊ីន សារធាតុគីមី និងគ្រឿងសមុទ្រផងដែរ។
មុខទំនិញទាំងឡាយខាងលើ ធ្លាប់ត្រូវបានលើកលែងពន្ធកាលពីសម័យរដ្ឋការលោក Donald Trump គ្រាដែល អាម៉េរិក និង ចិន ផ្ទុះសង្គ្រាមពាណិជ្ជកម្មអំឡុងឆ្នាំ ២០១៨ និង ២០១៩ ប៉ុន្តែ គោលនយោបាយលើកលែងពន្ធនោះ បានអស់សុពលភាពទៅហើយ។
ការសម្រេចលើកលែងពន្ធលើទំនិញចំនួន ៣៥២ មុខនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អាជ្ញាធរអាម៉េរិក បានពិនិត្យទំនិញចំនួន ៥៤៩ មុខរួចរាល់។ ក៏ប៉ុន្តែ នៅមានទំនិញច្រើនប្រភេទទៀតដែលនៅតែជាប់ពន្ធកម្រិតខ្ពស់។
ការបង់ពន្ធត្រូវធ្វើឡើងដោយក្រុមហ៊ុននាំចូលរបស់ សហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនអាហរ័ណជាច្រើនរបស់ អាម៉េរិកបានអំពាវនាវឱ្យមានការពង្រីកចំនួនប្រភេទទំនិញដែលត្រូវលើកលែងពន្ធពីបរទេស៕