រដ្ឋធានីប៉ារីស របស់ប្រទេសបារាំង និងទីក្រុងឡូសអែនជឺឡេស របស់សហរដ្ឋអាមេរិក ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់សិទ្ធិឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នាឆ្នាំ2024 និងឆ្នាំ2028 ខាងមុខ។
ទីក្រុងធំទាំង2នេះ សុទ្ធតែប្រជែងគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ2024 ដូចគ្នា ប៉ុន្តែក្រោយមកថ្នាក់ដឹកនាំរបស់ទីក្រុងឡូសអែនជឺឡេស បានយល់ព្រមរង់ 4ឆ្នាំបន្ទាប់។
ទីក្រុងប៉ារីស ដែលធ្លាប់បានបរាជ័យក្នុងការដេញថ្លៃរៀបចំព្រឹត្តិការណ៍នេះកាលពីឆ្នាំ2008 និងឆ្នាំ2012 នោះត្រូវរង់ចាំរហូតដល់រយៈពេល100ឆ្នាំទើបទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះម្តងទៀត ខណៈខ្លួនធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងកាលពីឆ្នាំ1924។
ចំណែកទីក្រុងអែនជឺឡេស ធ្លាប់បានរៀបចំព្រឹត្តិការណ៍នេះចំនួន2ដងរួចមកហើយ គឺក្នុងឆ្នាំ1932 និងឆ្នាំ1984។ កីឡាអូឡាំពិក បានរៀបចំនៅក្នុងសហរដ្ឋអាមេរិក លើកចុងក្រោយក្នុងឆ្នាំ1996 នាទីក្រុងAtlanta។
គួរបញ្ជាក់ថា ទីក្រុងប៉ារីស និងទីក្រុងឡូសអេនជឺឡេស គឺជាបេក្ខភាព2ពីរចុងក្រោយសម្រាប់ការដណ្តើមសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ2024 បន្ទាប់ពីទីក្រុង Hamburg របស់អាល្លឺម៉ង់ ទីក្រុងរ៉ូម របស់អ៊ីតាលី និងទីក្រុង Budapest របស់ហុងគ្រី ធ្លាក់ចេញពីវគ្គជម្រុះ។
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា ការបោះឆ្នោតសម្រាប់ទីក្រុងទាំងពីរគឺ “ឯកច្ឆន្ទ”៕