ហុងគ្រី ដែលជាសមាជិករបស់ អង្គការណាតូ (NATO) ប្រកាសជំទាស់រាល់ការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុប (EU) សំដៅលើក្រុមហ៊ុនប្រេងរបស់ រុស្ស៊ី ដោយសារបារម្ភអំពីការខាតបង់ផលប្រយោជន៍របស់ប្រទេសជាតិ។
«យើងនឹងមិនគាំទ្រចំពោះបទបញ្ជាដាក់ទណ្ឌកម្មណាមួយដែលអាចបង្កហានិភ័យចំពោះប្រភពផ្គត់ផ្គង់ថាមពលរបស់ ហុងគ្រី» រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានជួបប្រជុំជាមួយសមាជិកសហភាពអឺរ៉ុប នៅ ព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី ២១ មីនា។
លោករដ្ឋមន្ត្រីយល់ថា ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់ រុស្ស៊ី នឹងបង្កការខាតបង់ដល់ផលប្រយោជន៍ក្នុងវិស័យថាមពលរបស់ ហុងគ្រី ហើយ EU អាចនឹងមិនសម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីវិធានការដាក់ទណ្ឌកម្មលើប្រភពផ្គត់ផ្គង់ប្រេងពី រុស្ស៊ី។
«ប្រភពផ្គត់ផ្គង់ថាមពលមិនមែនជាបញ្ហារបស់ស្មារតី ឬឧត្តមគតិ ប៉ុន្តែវាគឺជាប្រការជាក់ស្ដែង» លោក Peter Szijjarto បញ្ជាក់។
ការយល់ឃើញរបស់លោក Peter Szijjarto ត្រូវបានលើកឡើងបន្ទាប់ពីមានព័ត៌មានថា EU នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យអំពីបម្រាមគោចរទូទៅចំពោះវិស័យថាមពលរបស់ រុស្ស៊ី បើទោះនៅមានការខ្វែងគំនិតគ្នាក្រោយពីកិច្ចប្រជុំកំពូលនៅ ព្រុចសែល កាលពីម្សិលមិញ។
រដ្ឋមន្ត្រីការបរទេសអៀឡង់ Simon Coveney អះអាងថា ពិបាកក្នុងការដែលមិនដាក់ទណ្ឌកម្មទៅលើវិស័យថាមពលរបស់ រុស្ស៊ី ដោយសារតែយុទ្ធនាការយោធារបស់ ទីក្រុងមូស្គូ នៅ អ៊ុយក្រែន។ ក៏ប៉ុន្តែ ការអះអាងនេះត្រូវបាន ហុងគ្រី, អាល្លឺម៉ង់ និង ប៉ូឡូញ បដិសេធ។
បច្ចុប្បន្ន EU ទាំងមូល នាំចូលប្រេង ៤០% ពី រុស្ស៊ី។ រុស្ស៊ី ក៏ជាប្រទេសដែលនាំចេញប្រេងប្រមាណ ២៧% និងធ្យូងថ្ម ៤៦% ទៅឱ្យ EU ផងដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង សហភាពអឺរ៉ុប ក្នុងវិស័យថាមពល មានតម្លៃរាប់សិបពាន់លានដុល្លារអាម៉េរិក ក្នុង ១ ឆ្នាំ៕