នៅពេលតម្លៃប្រេងឆៅឡើងខ្ពស់ ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនដូចជា BP ឬ ExxonMobil ជាដើម អាចកើនឡើងរាប់ពាន់លានដុល្លារក្នុងឆ្នាំនេះ។
ក្រុមហ៊ុន ExxonMobil រកបានប្រាក់ចំណេញ ២៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។ នៅពេលតម្លៃប្រេងឆៅឡើងខ្ពស់ដូចបច្ចុប្បន្ន ក្រុមហ៊ុននេះត្រូវបានព្យាករថា នឹងរកបានប្រាក់ចំណេញ ៣៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ចំណែក BP ដែលរកបានប្រាក់ចំណេញ ១២.៨ ពាន់លានដុល្លារកាលពីឆ្នាំកន្លង នឹងអាចរកបាន ១៥.៦ ពាន់លានដុល្លារនាឆ្នាំនេះ។
អត្រាចំណេញដ៏សម្បើមនេះកំពុងនាំឱ្យក្រុមមន្ត្រីអាម៉េរិក និង អឺរ៉ុប ពិភាក្សាអំពីការដំឡើងពន្ធមិនធម្មតាចំពោះក្រុមហ៊ុនប្រេងទាំងនោះ។ ប្រាក់ដែលបានពីការដំឡើងពន្ធនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុផ្ទាល់ដល់អ្នកប្រើប្រាស់ដែលកំពុងជួបការលំបាកដោយសារប្រេងឡើងថ្លៃខ្ពស់។
កន្លងមក ទាំង អាម៉េរិក ទាំង អង់គ្លេស សុទ្ធតែធ្លាប់បានដំឡើងពន្ធមិនធម្មតាបែបនេះ ដោយមានការគាំទ្រច្រើនពីសភា។ ក៏ប៉ុន្តែ ក្នុងករណីបច្ចុប្បន្ន ការគាំទ្រហាក់មានសំឡេងតែពីក្រុមមួយតូចប៉ុណ្ណោះ មិនថា នៅ សហរដ្ឋអាម៉េរិក មិនថា នៅ អង់គ្លេស។