ទាំង សហរដ្ឋអាម៉េរិក ទាំង អឺរ៉ុប សុទ្ធតែមិនអាចស្មានដល់អំពីបញ្ហាធ្ងន់ធ្ងរដែលបាន និងកំពុងកើតឡើងដោយសារការដាច់ចង្វាក់ផ្គត់ផ្គង់ប្រេងដោយសារការដាក់ទណ្ឌកម្មលើ រុស្ស៊ី។
សារព័ត៌មាន CNN បានឱ្យដឹងថា អង្គការថាមពលអន្តរជាតិ (International Energy Agency-IEA) ថ្មីៗនេះបានស្នើឱ្យបណ្ដាប្រទេសកាត់បន្ថយការប្រើប្រាស់ប្រេងសាំង នៅក្នុងគ្រាដែលសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បាន និងកំពុងកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់។
ជាក់ស្ដែង IEA បានលើកសំណើផែនការ ១០ ចំណុចចម្បង ដែលក្នុងនោះមាន ៣ ចំណុចគួរឱ្យចាប់អារម្មណ៍ រួមមាន ការបន្ថយល្បឿនយ៉ាងហោច ១០ គីឡូម៉ែត្រ/ម៉ោង សម្រាប់ល្បឿនយឺតបំផុតលើផ្លូវល្បឿនលឿន, ការស្នើឱ្យធ្វើការពីផ្ទះយ៉ាងតិច ៣ ថ្ងៃ/សប្ដាហ៍ និងការហាមរថយន្តចូលក្នុងទីក្រុងក្នុងថ្ងៃអាទិត្យ។
យោងតាម IEA សំណើទាំងឡាយនោះ បើសិនត្រូវបានបណ្ដាប្រទេសលោកខាងលិចដូចជា អាម៉េរិក និង អឺរ៉ុប អនុវត្ត នោះវាអាចជួយកាត់បន្ថយបាន ១/៣ នៃការពឹងផ្អែកលើបរិមាណប្រេងរបស់ រុស្ស៊ី នាបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ IEA ក៏បានស្នើឱ្យបង្កើនការអភិវឌ្ឍកម្មវិធីហៅរថយន្ត ជំរុញវិស័យរថភ្លើងល្បឿនលឿន នាវារត់ពេលយប់ កាត់បន្ថយសកម្មភាពក្នុងវិស័យអាកាសចរណ៍ បន្ថយជើងហោះហើរពាណិជ្ជកម្ម ពង្រីក និងបង្កើនចំនួនផ្លូវក្នុងក្រុងសម្រាប់ថ្មើរជើង ផ្លូវសម្រាប់កង់ ឬបណ្ដាមធ្យោបាយសាធារណៈដទៃទៀត។
ជាមួយនឹងវិធានការខាងលើ សហរដ្ឋអាម៉េរិក និង អឺរ៉ុប នឹងអាចសំច័យប្រេងសាំងបានប្រហែល ២.៧ លានធុង/ថ្ងៃ ក្នុងរយៈពេល ៤ ខែខាងមុខ ដែលនេះស្មើនឹងបរិមាណប្រេងសាំងរបស់រថយន្តទំនើបទាំងអស់នៅ ប្រទេសចិន។
ទន្ទឹមនឹងនេះ បើសិនជាបណ្ដាប្រទេសដែលប្រើប្រាស់ប្រេងសាំងច្រើនដូចជា ចិន និង ឥណ្ឌា ធ្វើតាមអនុសាសន៍ខាងលើ នោះស្ថានការណ៍នឹងកាន់តែល្អប្រសើរជាងនេះទៅទៀត៕